(ស្វាយរៀង)៖ ភាពរីករាយ ទិដ្ឋភាពប្លែកៗ នឹងត្រូវបានដាក់ពង្រាយលើទឹកដីចំពុះទា នៃភាគខាងកើតប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តស្វាយរៀង» សូមជួបគ្នាជាមួយ ទិដ្ឋភាពដ៏សប្បាយរីករាយអំណរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា ពុទ្ធសករាជ២៥៦១នាពេលខាងមុខនេះ។

«សង្ក្រាន្តស្វាយរៀង» មានអ្វីសប្បាយនៅទីនេះគឺអបអរសាទរបុណ្យចូលឆ្នាំថ្មី ដោយនាំយកផ្ទាំងទស្សនីយភាព ពិធីសាសនា ការលែងល្បែងប្រជាប្រិយខ្មែរ ការតាំងបង្ហាញ ស្នាដៃអត្តសញ្ញាណអ្នកស្រុកស្វាយរៀង ពិពណ៌ផលិតផលចម្រុះ និងការប្រគុំតន្រ្តី ដែលមានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរូប។ ដោយការរៀបចំរបស់ សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តស្វាយរៀង ក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងមានព្រឹត្តិការណ៍ដ៏អស្ចារ្យ ត្រូវបង្ហាញឡើង ដើម្បីបង្កើនភាពសប្បាយ រីករាយជូនអ្នកស្រុកស្វាយរៀង។

«សង្ក្រាន្តស្វាយរៀង» សូមស្វាគមន៍ និងគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមបញ្ចេញនូវស្នាមញញឹម ចូលរួមកម្សាន្ត ក្នុងនាមជាអ្នកស្រុកស្វាយរៀង និងជាប្រជាជាតិខ្មែរយើងតែមួយនៅថ្ងៃទី១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០១៧។ សូមកុំភ្លេចចូលរួមដើម្បីចែករំលែកភាពសប្បាយរីករាយទាំងងស់គ្នា៕