(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញទៅដល់ ខេត្តសៀមរាបហើយ នៅមុននេះបន្តិច នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ដើម្បីចូលរួមកម្មវិធីមួយចំនួន នៅក្នុងទឹកដីអង្គរសៀមរាប។
ដំណើរអញ្ជើញរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សៀមរាបនាពេលនេះ បានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ និងភរិយា ទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃអង្គារនេះ។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញបើកការប្រកួត វាយកូនហ្គោល នៅទីលាន Angkor Golf Resort នៅវេលាម៉ោង ០៧៖៣០ព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ស្អែកនេះ ហើយម៉ោង ៦៖០០ល្ងាច សម្តេចនឹងអញ្ជើញចែកពានរង្វាន់ កីឡាករវាយកូនហ្គោល នៅសណ្ឋាគារ Angkor Palace SPA and Resort។ ចំណែក នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ សម្ដេចទាំងពីរ នឹងអញ្ជើញសំណេះសំណាលជាមួយយុទ្ធជនពិការ ៣១៧ នៅភ្នំគូលែន ខេត្តសៀមរាប។ រីឯថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៧៖៣០នាទីព្រឹក សម្ដេចទាំងពីរអញ្ជើញ បើកអង្គរសង្គ្រាន្ដ នៅខេត្តសៀមរាប៕