(ក្រចេះ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិក្រគរ ហៅភូមិអណ្ដែងដូន សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ បានស្នើសុំឲ្យអាជ្ញាធរពន្លឿន ក្នុងការចុះបិទអាជីវកម្ម បូមខ្សាច់មានច្បាប់អនុញ្ញាតិមួយកន្លែង តែខុសបច្ចេកទេសរបស់លោក រស់ ចិន្ដា ហៅតាឆាខ្វៃ ធ្វើអាជីវកម្មបូមគ្រាស់ខ្សាច់ ដែលមានទីតាំងនៅដីឡូ របស់មន្ទីរសាធារណការ ដែលស្ថិតនៅក្នុងភូមិ
របស់គាត់តែម្ដង។
ប្រជាពលរដ្ឋបានលើកឡើងថា មូលហេតុដែលពួកគាត់ស្នើឲ្យអាជ្ញាធរ ចុះបិទទីតាំងបូមខ្សាច់ខាងលើនេះ បណ្ដាលមកពីអាជីវកម្មបូមខ្សាច់មួយនេះ ខុសបច្ចេកទេស មានផលប៉ះពាល់ ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ និងដល់ពលរដ្ឋរស់នៅជុំវិញ អាជីវកម្មបូមខ្សាច់របស់លោក រស់ ចិន្ដា ដែលនៅភូមិរបស់គាត់ ហើយផលប៉ះពាល់មាន៩ចំនុចរួមមាន៖ ទី១៖ ការដឹកជញ្ជូនដោយរថយន្ថធុនធ្ងន់, ទី២៖ ផ្លូវចាប់ផ្ដើមប៉ោងផត និងឈានទៅខូចខាតទាំងស្រុង, ទី៣៖ ពេលបូមខ្សាច់ម្ដងៗ ទឹកហូរកាត់ក្រោមផ្ទះប្រជាពលរដ្ឋ, ទី៤៖ យប់ជ្រៅបើករំខានញ័ររំជួយផ្ទះធ្វើឲ្យមានការភ័យបារម្ភ, ទី៥៖ ពេលបូមខ្សាច់ម្ដងៗសំឡេងរំខាន, ទី៦៖ ខ្យល់ខ្លាំងម្ដងៗ ខ្សាច់និងដីប៉ើងហុយផ្ទះរបស់របស់ពលរដ្ឋ, ទី៧៖ ខ្វះការទទួលខុសត្រូវ មិនមានការបាញ់ទឹកតាមថ្នល់, ទី៨៖ កត្តាទាំងនេះបង្ករឲ្យអ្នករស់នៅទីនោះ មានជំងឺផ្លូវដង្ហើម, ទី៩៖ បង្ករឲ្យមានការបាក់ស្រុតច្រាំងទន្លេ ដែលនាំឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ។
ពួកគាត់បានបន្ថែមទៀតថា កង្វល់ទាំងនេះ ពួកគាត់បានដាក់បណ្ដឹងទៅអាជ្ញាធរ និងមន្ទីរជំនាញរួចអស់ហើយ ប៉ុន្តែអាជីវកម្មមួយនេះ នៅបន្ដដំណើរដដែល។ ហើយពួកគាតឆ្ងល់ថាដីឡូដែលដាក់ខ្សាច់គ្រាសនោះ ពីដំបូងពួកគាត់ឃើញគេដាក់គ្រឿងចក្រ របស់មន្ទីរសាធារណការ ខេត្តតែមិនដឹងជាលោក រស់ ចិន្ដា មានទំនាក់ទំនង់ល្អយ៉ាងមិចទេ ទើបលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការខេត្តក្រចេះ ផ្ដល់ដីឡូមួយកន្លែងនោះឲ្យលោក រស់ ចិន្ដា ធ្វើជាទីតាំងដាក់គ្រាសខ្សាច់ទៅវិញ។
ពាក់ពន្ធ័និងបញ្ហាខាងលើនេះ លោក យិន វណ្ណះ អភិបាលក្រុងក្រចេះ បានប្រាប់មកភ្នាប់ងារ Fresh News ប្រចាំខេត្តក្រចេះ តាមរយៈទូរស័ព្ទ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ ឲ្យដឹងថា «លោកបានទទួលបណ្ដឹងពលរដ្ឋរួចហើយ ហើយលោកបានស្នើទៅថ្នាក់ខេត្តហើយ ទាំងអាជ្ញាធរក្រុង និងខេត្តបានចុះពិនិត្យ ទីតាំងបូមខ្សាច់នោះ ដោយកំណត់ឲ្យម្ចាស់អាជីវកម្មនោះ ប្ដូរទីតាំងហើយ ម្ចាស់អាជីវកម្មក៏យល់ព្រមនិងអាជ្ញាធរ ថាប្ដូរទីតាំងដែរ»។
លោកបន្ដទៀតថា លោកនិងចុះទៅមើលម្ដងទៀត បើម្ចាស់អាជីកម្មនោះ មិនព្រមប្ដូរហើយនៅបន្ដធ្វើអាជីវកម្មទៀត លោកនិងបិទតែម្ដង៕