(ភ្នំពេញ)៖ ចាប៉ីដងវែង ដែលមានប្រវែងសរុប១០ម៉ែត្រកន្លះ មានតួស្នូកទទឹងប្រវែង ២,២០ម៉ែត្រ បណ្តោយប្រវែង ២,៨០ម៉ែត្រ និងកម្រាស់ ៦០សង់ទីម៉ែត្រ នឹងដង្ហែមកកាន់ទីតាំងដាក់បង្ហាញ នៅអង្គរសង្រ្កាន្តឆ្នាំ២០១៧ នាថ្ងៃទី១២ ខែមេសា វេលាម៉ោង២៖០០រសៀល ស្អែកនេះ។
ចាប៉ីដងវែងខ្នាតធំ ឬចាប៉ីយក្សនេះ នឹងដាក់តាំងបង្ហាញ ជូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្តរជាតិបានទស្សនា នៅក្នុង បរិវេណកម្មវិធី ភូមិខ្ញុំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០១៧ ដែលមានទីតាំងនៅខាងជើងប្រាសាទបាយ័ន។
ការដង្ហែចាប៉ីដងវែងខ្នាតធំ ដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួម ពីសំណាក់ ក្រុមការងារ យុវជនស្ម័គ្រចិត្ត មន្ត្រី បុគ្គលិកអាជ្ញាធរអប្សរា និងសាធារណៈជនយ៉ាងច្រើនកុះករ។
ចាប៉ីដងវែងមិនធ្លាប់មានពីមុនមកនេះ ត្រូវបានស្ថាបនាឡើង សម្រាប់តាំងបង្ហាញ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៧ ក្នុងគោលបំណង ដើម្បីអបអរសាទរ ដែលចាប៉ីដងវែងខ្មែរ បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ដូចជាដើម្បីរួម ចំណែកលើកកម្ពស់ សម្បត្តិបេតិកភណ្ឌអរូបិយ និងផ្សព្វផ្សាយឧបករណ៍ភ្លេងខ្មែរ ដែលមានវ័យចំណាស់មួយនេះឲ្យកាន់ តែល្បីល្បាញថែមទៀត៕