(ពិភពលោក)៖ ក្លឹបឈ្នះជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០១៦-២០១៧ នេះនឹងទទួលបានប្រាក់សរុបរហូតដល់ទៅ ១០៥លានដុល្លារសហរដ្ឋអាមេរិកបន្ថែមលើពាន១ និងមេដាយមាសចំនួន ៤៥គ្រឿង និងជើងឯករងទទួលបាន ៩៥លានដុល្លារ នេះបើយោងតាមសារព័ត៌មាន Totalsportek ចេញផ្សាយថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧នេះ។

នេះជាលើកទី១ ហើយដែលចំនួនទឹកប្រាក់ឧបត្ថម្ភកើនឡើងលើសពី ១០០លានដុល្លារ បន្ទាប់ពីទឹកប្រាក់លក់សិទ្ធិ ផ្សាយទៅឲ្យទូរទស្សន៍នានាមានការកើនឡើង ១៥ភាគរយ ក្នុងនោះក៏មានទូរទស្សន៍មកពី Premier League ផងដែរ។

ទន្ទឹមគ្នានោះ ចំណូលសរុបរបស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប UEFA ក៏ត្រូវបានគេប៉ាន់ប្រមាណថា នឹងទទួលបាន ២.៥ពាន់លានដុល្លារ។

UEFA ត្រៀមចំណាយទឹកប្រាក់សរុបមានរហូតដល់ទៅ ៨០៧លានដុល្លារ សម្រាប់ចែកជូនក្រុមទាំងឡាយណាដែល លេងតាំងពីវគ្គជម្រុះជុំទី១ ជុំទី២ ជុំទី៣ និងរហូតដល់លើកពាន UEFA Champions League តែម្តងជាមួយនឹងប្រាក់ រង្វាន់ ក៏ត្រូវបានចែកជូនតាមដំណាក់កាលៗផងដែរ។

សូមរំលឹកដែរថា ក្លឹបបាល់ទាត់អាជីព Real Madrid របស់អេស្ប៉ាញដែលជើងឯក UEFA Champions រដូវកាលមុន ឆ្នាំ២០១៦ ទទួលបានទឹកប្រាក់សរុបចំនួន ៩៩លានដុល្លារ បន្ថែមលើពាន១ និងមេដាយមាស ៤៥គ្រឿង គ្រាដែលក្រុមរងជើងឯក Atletico Madrid របស់អេស្ប៉ាញដូចគ្នា ទទួលបាន៨៦លានដុល្លារ បន្ថែមលើមេដាយប្រាក់ ៤៥គ្រឿងដែរនោះ៕