(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានពន្យល់ណែនាំដល់ប្រជាពលរដ្ឋថា បើជ្រើសរើសអ្នកដឹកនាំប្រទេសបានត្រឹមត្រូវ គឺមានជោគវាសនារស់នៅក្នុងសុខសន្តិភាព មានមោទនភាព មានក្តីសង្ឃឹម និងឱកាសអភិវឌ្ឍប្រទេស ព្រោះថា ការជ្រើសរើសអ្នកដឹកនាំនេះ មិនដូចការចាក់ឆ្នោតផ្សងសំណាង មួយពេលៗនោះទេ។

លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងពិធីសម្ពោធព្រះវិហារ និងសមិទ្ធផលនានា នៅវត្តពោធិ៍វិន័យរោគ ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្នុងនាមតំណាងរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។  

លោកថ្លែងយ៉ាងដូច្នេះថា «បើជ្រើសរើសអ្នកដឹកនាំប្រទេសត្រូវ គឺមានជោគវាសនារស់នៅក្នុងសុខសន្តិភាព មានមោទនភាព មានក្តីសង្ឃឹម និងឱកាសអភិវឌ្ឍប្រទេស ព្រោះថាការជ្រើសរើសអ្នកដឹកនាំ មិនដូចការចាក់ឆ្នោតផ្សងសំណាងមួយពេលៗនោះទេ»

លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា ប្រជាពលរដ្ឋមានភាពសប្បាយរីករាយ នៅពេលទទួលបានសមិទ្ធផល នៅក្នុងដំណាក់កាលប្រទេសមាន សុខសន្តិភាព ដែលទាំងនេះហើយ គឺជាឱកាសប្រកបដោយមោទនភាព ដែលកម្ពុជាមានឱកាសកសាងសមិទ្ធផលជាច្រើន នៅទូទាំងប្រទេស ដើម្បីទុកឲ្យប្រជាពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋជំនាន់ក្រោយៗទៀត ព្រោះចំនួនប្រជាជនកាន់តែកើនឡើង តម្រូវការកាន់តែមានច្រើន។

ទោះបីប្រជាពលរដ្ឋខ្មែរទៅដល់ទីណាក៏ដោយ ក៏នៅតែមានឈាមជ័រជាខ្មែរ ហើយមានទឹកចិត្តចូលរួមកសាងសមិទ្ធផលនានា ជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍប្រទេស និងដើម្បីប្រជាជន។ ជាក់ស្តែងសប្បុរសជន និងប្រជាពលរដ្ឋដែលមានស្រុកកំណើតនៅទីនេះ ហើយទៅរស់នៅសហរដ្ឋអាមេរិក បានរួមគ្នាកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនេះ ដែលទាំងនេះហើយ ហៅថា ជីវិតរស់នៅក្នុងសុខសន្តិភាព។

លោកបន្តថា គេមិនអាចកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាបានទេ បើប្រទេសស្ថិតនៅក្នុងសង្គ្រាម ប៉ុន្តែមានជីវិត និងមានអ្វីៗដូចសព្វថ្ងៃនេះ គឺជាភ័ព្វសំណាងដែលរស់នៅ ក្នុងសុខសន្តិភាព និងមានឱកាសគ្រប់បែបយ៉ាង។

ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានរំឭកថា គោលនយោបាយឈ្នះ-ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល និងការខិតខំរបស់គណបក្សប្រជាជនកម្ពុជា បានស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍប្រទេស ឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ ព្រោះថា ការអភិវឌ្ឍនេះគ្មានចង់បានអ្វី ក្រៅពីចង់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងសន្តិភាព និងជីវភាពធូរធាទេ សំខាន់ឲ្យតែកូនចៅជំនាន់ក្រោយ មានឱកាសរៀនសូត្រ មានការងារធ្វើគ្រប់គ្នា ដើម្បីមកជួយចូលរួមអភិវឌ្ឍស្រុកកំណើតខ្លួនវិញ គឺពិសេសណាស់ទៅហើយ៕