(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គិតមកដល់ត្រឹមខែកុម្ភៈ ឆ្នាំ២០១៧ កម្ពុជា បានទទួលជំនួយអភិវឌ្ឍជាផ្លូវការទាំងជំនួយឥតសំណង និងកម្ចីចំនួន ៤,២ប៊ីលានដុល្លារឤមេរិក សម្រាប់អភិវឌ្ឍន៍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កសិកម្ម សុខាភិបាល អប់រំ សន្តិសុខសង្គមជាដើម។

ក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពី «អភិបាលកិច្ចប្រទេសចិន» របស់លោកប្រធានាធិបតី ស៊ី ជិនពីង នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ជំនួយ និងកម្ចីសម្រាប់ការអភិវឌ្ឍនេះ បានកើតឡើងដោយ សារតែការមានទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈទំនាក់ទំនងដ៏ល្អប្រសើរ រវាងកម្ពុជា-ចិន បានធ្វើទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរបានកើនជាមធ្យមប្រមាណ ២៦ភាគរយ នៅក្នុងរយៈពេល១០ឆ្នាំចុង ក្រោយនេះ។ ក្នុងឆ្នាំ២០១៦ ពាណិជ្ជកម្មទ្វេភាគីបានពង្រីកដល់ ៤,៨ ប៊ីលានដុល្លារឤមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជាទៅប្រទេសចិន ៨៣០លានដុល្លាឤមេរិក និង នាំចូលប្រមាណ ៣,៩ ប៊ីលានដុល្លារឤមេរិក។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា ប្រទេសចិន ក៏ជាប្រទេសវិនិយោគធំជាងគេបំផុតនៅកម្ពុជា ដែលគិតមកដល់ឆ្នាំ២០១៦ សន្និធិវិនិយោគរបស់ចិនបានកើនឡើងដល់ ៥,១ប៊ីលានដុល្លារឤមេរិក ដែលផ្តោតទៅលើវិស័យមួយចំនួនរួមមានវិស័យកម្មន្តសាល សំណង់ វាយនភ័ណ្ឌ និង អគ្គិសនី។ ជាមួយគ្នានេះ ភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាមានចំនួន ៨៣០ពាន់នាក់ កើនឡើងប្រមាណ ២០% ប្រៀបទៅនឹងឆ្នាំ២០១៥។

សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រោមកិច្ចផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ និង កិច្ចសហប្រតិបត្តិការផ្លូវសូត្រ សមុទ្រសតវត្សរ៍ទី ២១, ប្រទេសទាំងពីរនឹងបន្ត ពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួន លើវិស័យមួយចំនួន សម្រាប់ជាប្រយោជន៍ដល់ការកែលម្អការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និង ចិន រួមមានការពង្រឹងផលិតភាពសេដ្ឋកិច្ច, ការបង្កើនញណិជ្ជកម្មទ្វេរភាគី, ទេសចរណ៍, ការវិនិយោគ និង ការអភិវឌ្ឍ វិស័យកសិកម្ម៕