(ភ្នំពេញ)៖ ជនជាតិអាហ្រ្វ៊ិកខាងត្បូងម្នាក់ ត្រូវបាននាំខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីកាត់ទោសពី បទល្មើសរក្សាទុក ដឹកជញ្ជូន និងបទជួញដូរគ្រឿងញៀនកូកាអ៊ីន ឆ្លងដែនខុសច្បាប់ ដែលមានតម្លៃប្រមាណ១៥ម៉ឺនដុល្លារ ត្រូវបានតុលាការនឹងប្រកាសសាលក្រម នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។
ជនត្រូវចោទឈ្មោះ BOTHA JACOBUS DAIE អាយុ៣០ឆ្នាំ ជនជាតិអាហ្វ្រិកខាងត្បូង កាន់លិខិតឆ្លងដែនលេខ A05010854 ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅព្រលានយន្តហោះភ្នំពេញអន្តរជាតិ។ ក្នុងពេលចាប់ខ្លួនសមត្ថកិច្ច បានរឹបអូសគ្រឿងញៀន កូកាអ៊ីនចំនួន៤២ដុំ មានទំងន់សរុប៥៨៧,១០ក្រាម មានប្រភពមកពីប្រទេសប្រេស៊ីល។
ក្នុងសវនាការ ជនជាប់ចោទបានសារភាពថា ខ្លួនគេបានស៊ីឈ្នួល បុរសជនជាតិហ្គាណាម្នាក់ ក្នុងតម្លៃ៧០០០ដុល្លារ ដើម្បីនាំយកគ្រឿងទាំងនេះ ចូលមកប្រទេសកម្ពុជា។ BOTHA JACOBUS DAIE. បានសារភាពថា នៅអំឡុងចុងខែកញ្ញា ឆ្នាំ២០១៦ ខ្លួនបានស្គាល់ឈ្មោះ អាមេកា ឈ្មោះសាន់នី ឈ្មោះវិចទ័រ ហើយពួកគេ បានជិះយន្តហោះ ទៅប្រទេសប្រេស៊ីលស្នាក់២ថ្ងៃ។ ក្រោយមកបានចេញដំណើរមកប្រទេសអារ៉ាប់ ទើបឈ្មោះ អាមេកា បានរៀបចំកាកូអ៊ីនឲ្យខ្លួនលេបចូល ទៅក្នុងពោះដើម្បីធ្វើដំណើរមកប្រទេសកម្ពុជា ហើយចុងក្រោយនឹង ទៅបាងកក
ប្រទេសថៃ។ លុះពេលមកដល់ភ្នំពេញ ក៏ត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួនតែម្ដង។
នគរបាលប្រឆាំងគ្រឿងញៀនបានរាយការណ៍ថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ពេលឃាត់ខ្លួនជនសង្ស័យ នៅព្រលានយន្តហោះ សមត្ថកិច្ច រឹបអូសគ្រឿងញៀន ពីជនសង្ស័យតែ៨ដុំទេ លុះពេលនាំយកទៅស្គែន នៅមន្ទីរពេទ្យស្រាប់តែឃើញគ្រឿងញៀនរហូតដល់៤២ដុំ។
តំណាងអយ្យការលោក ស៊ិន វីរៈ បានសន្មត់តម្កល់បទចោទប្រកាន់លើឈ្មោះ BOTHA JACOBUS DAIE តាមមត្រា៤០ មាត្រា៤៥ នៃច្បាប់ប្រឆាំងគ្រឿងញៀន ហើយសំណូមពរឲ្យចៅក្រមផ្ដន្ទាទោសតាមច្បាប់។ ក្រុមប្រឹក្សាជំនុំជំរះ បានកំណត់យកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ខាងមុខដើម្បីប្រកាសសាលក្រម៕