(កូរ៉េ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយ សហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េ នឹងរៀបចំព្រឹត្តិការណ៍ «មហាសង្រ្កាន្ដខ្មែរនៅកូរ៉េ» ដ៏ធំប្រចាំឆ្នាំជាលើកដំបូង នៅសាធារណរដ្ឋកូរ៉េ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងដើម្បីបង្កើតភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលរស់នៅ និងធ្វើការនិងសិក្សា នៅសាធារណរដ្ឋកូរ៉េ ក្នុងស្មារតីខ្មែរតែមួយ អនាគតតែមួយ ។

ព្រឹត្តិការណ៍នេះ មានការអញ្ជើញជាអធិបតីពីសំណាក់ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកអគ្គរាជទូត សមាជិករដ្ឋសភាជាតិនៃសាធារណរដ្ឋកូរ៉េ អភិបាលក្រុងស៊ូវ៉ុន និងបណ្ដាវិស័យឯកជនដែលជាអ្នក ចូលរួមជួយឧបត្ថមកម្មវិធី។

ព្រឹត្តិការណ៍ «មហាសង្រ្កាន្ដខ្មែរនៅកូរ៉េ»នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី១៦ ខែមេសា ឆ្នាំ២០១៧ ចាប់ពីម៉ោង ១០៖៣០ព្រឹក ដល់ម៉ោង៦៖០០ល្ងាច នៅសួនកំសាន្ដ Manseok Park នាទីក្រុងស៊ូវ៉ុន ខេត្តខ្យងគី សាធារណរដ្ឋកូរ៉េ ជាមួយនឹងកម្មវិធីប្រពៃណីជាច្រើនដូចជា ពិធីសាសនា ពិធីពូនភ្នំខ្សាច់ ការបង្ហាញក្បាច់គុណបុរាណខ្មែរ កម្មវិធីសម្ដែង សិល្បៈប្រពៃណី ការលេងល្បែងប្រជាប្រិយ ការតាំងបង្ហាញមុខម្ហូប នំបង្អែមខ្មែរ និងការប្រគំតន្ត្រីសម័យខ្នាតធំ ដែលមាន សិល្បករ-សិល្បការិនីមកពីព្រះរាជាណាចក្រកម្ពុជាជាដើម។ នេះបើយោងតាមមន្រ្តីស្ថានទូត នៅកូរ៉េខាងត្បូង បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ។

គណៈកម្មការរៀបចំបានត្រៀមរួចជាស្រេចហើយ ដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ មកកំសាន្ដ និងទទួលពរជ័យពីទេវតាឆ្នាំថ្មីទាំងអស់គ្នា៕