(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នឹងដឹកនាំប្រតិភូសាលារាជធានីទៅបំពេញទស្សនកិច្ច នៅទីក្រុងហូជីមិញ នៅក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីពង្រឹងទំនាក់ទំនងរវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញអោយកាន់តែល្អប្រសើរថែមទៀត។
លោកអភិបាលរាជធានីភ្នំពេញ ឆ្លើយតបទៅនឹងការអញ្ជើញរបស់ប្រតិភូទីក្រុងហូជីមិញ នៅក្នុងជំនួបរវាងលោក និងលោកHuynh Cach Mang អភិបាលរងទីក្រុងហូជីមិញ ប្រទេសវៀតណាម នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅសាលារាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
លោក Huynh Cach Mang អភិបាលរងទីក្រុងហូជីមិញ ក្នុងជំនួបនោះ បានថ្លែងកោតសរសើរពីការអភិវឌ្ឃរីកចំរើន លើគ្រប់វិស័យរបស់រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបន្តថា កម្ពុជា និងវៀតណាមបានទំនាក់ទំនងការទូតល្អប្រសើរ ជាមួយគ្នាចំនួន៥០ឆ្នាំមកហើយ លើទំនាក់ទំនងដ៏ល្អនេះ កម្ពុជានឹងបង្កភាព ងាយស្រួលដល់ប្រជាពលរដ្ឋ អ្នកមកបំរើការងារ និងអ្នករកស៊ីដែលជាជនជាតិវៀតណាម នៅកម្ពុជាកាន់តែល្អប្រសើរឡើង។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ក្នុងនាមប្រជាជនរៀតណាមនៅទីក្រុងហូជីមិញ សូមជូនពរអោយរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានការងារថ្មីៗទៀតគ្រប់ភាកិច្ច។ជាងនេះទៅទៀត ប្រតិភូទីក្រុងហូជីមិញសូមអញ្ជើញប្រតិភូរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញផងដែរ។
ជាការឆ្លើយតបទៅនឹងការស្នើឡើងរបស់ប្រតិភូទីក្រុងហូជីមិញ លោក ប៉ា សុជាតិវង្ស បញ្ជាក់ថា ប្រតិភូរាជធានីភ្នំពេញ គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ នៅក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។
លោកបន្តថា នៅក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យើងមានការងារច្រើនណាស់ដែលនឹងត្រូវធ្វើជាមួយទីក្រុងហូជីមិញ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពឲ្យកាន់តែប្រសើរឡើង ទាំងវិស័យសុខាភិបាល គមនាគមន៍ និងការនាំទំនិញចេញ ចូលជាដើម ដោយយើងនឹងបង្កើតក្រុមការងារមួយដើម្បីធ្វើការងារនេះ៕