(ភ្នំពេញ)៖ ក្រុមចោរប្លន់៦នាក់ ដែលតែងតែធ្វើសកម្មភាពប្ល ន់និងសម្លាប់ជនរងគ្រោះជាច្រើនករណី នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗជិត១០០ឆ្នាំ ។ ប៉ុន្តែក្រុមជនជាប់ចោទបានបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ។

លោក ហេង កេសរោ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ប្រកាសសាលក្រមផ្តន្ទាទោសឈ្មោះ សេត ម៉ាត់រូហ្សេត ហៅសេត ឌៀង អាយុ២២ឆ្នាំ ដាក់ពន្ធនាគារ៧៣ឆ្នាំ ហើយផ្តន្ទាទោស ឈ្មោះ ប៉ែន ចំណាប់ ហៅពីន អាយុ១៨ឆ្នាំ ឈ្មោះ អ៊ឹម សុភ័ក្រ  អាយុ២៣ឆ្នាំ និងឈ្មោះ អេង អារីពីន ដាក់ពន្ធនាគារក្នុងម្នាក់ៗ៦៥ឆ្នាំ។ ជាមួយគ្នានេះ តុលាការក៏បានផ្តន្ទាទោសឈ្មោះ ពេជ្រ សូណែត ភេទស្រី អាយុ២១ឆ្នាំ និងឈ្មោះ ញ៉ែម កន្និដ្ឋា ហៅអាម៉ី ភេទស្រី អាយុ២១ឆ្នាំ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៥៦ឆ្នាំ។

ជនជាប់ចោទទាំងអស់ ត្រូវបានចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ក្រោយមានករណីប្លន់ជាបន្តបន្ទាប់ កាលពីអំឡុងខែវិច្ឆិកា និង ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងរាជធានីភ្នំពេញ ដែលបណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិតផងដែរ។

ទោះបីយ៉ាងណា នាពេលសវនាការកន្លងទៅ ក្រុមជនជាប់ចោទបដិសេធថា ពួកគេពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ដោយឆ្លើយដាក់ទៅលើឈ្មោះ ម៉ី និងឈ្មោះ លីម ដែលត្រូវកម្លាំងកងរាជអាវុធហត្ថបាញ់ស្លាប់នៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ៕