(ភ្នំពេញ)៖ សៀវភៅស្តីពី «អភិបាលកិច្ចរបស់ប្រទេសចិន» របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានបកប្រែជាខេមរភាសាខ្មែរ និងត្រូវបានដាក់ផ្សព្វផ្សាយ ជាលើកដំបូងនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យមានការអានសៀវភៅស្តីពី អភិបាលកិច្ចប្រទេសចិននេះ ដើម្បីដកស្រង់យកបទពិសោធន៍ល្អៗ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយសៀវភៅរបស់ប្រធានាធិបតីចិននាព្រឹកមិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សៀវភៅនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរយល់ កាន់តែច្បាស់ពីគោលគំនិតរបស់លោក ស៊ី ជិនពីង ក្នុងការកែទម្រង់ស៊ីជម្រៅលើអភិបាលកិច្ចរបស់ប្រទេសចិន ដែលអាចរៀនសូត្រ និងដកស្រង់យកជាបទពិសោធន៍។

លោក JIANG Jianguo រដ្ឋមន្រ្តីក្រុមប្រឹក្សាព័ត៌មានរបស់ចិន ដែលអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅនេះដែរនោះ បានគូសរំលេចឲ្យដឹងថា សៀវភៅស្តីពី «អភិបាលកិច្ចប្រទេសចិន» របស់លោក ស៊ី ជិនពីង បានឆ្លុះបញ្ចាំងពីទស្សនតម្លៃ ដែលលើកតម្កើងប្រជាជនជាចម្បង ដោយបានដាក់ចេញគោលដៅបម្រើប្រជាជនដោយ ស្មោះអស់ពីដួងចិត្ត គឺជាកម្មវត្ថុរបស់បក្សកុម្មុយនិស្តចិន។

លោក JIANG Jianguo បានឲ្យដឹងទៀតថា លោក ស៊ី ជិនពីង ធ្លាប់រស់នៅជនបទភាគពាយ័ព្យប្រទេសចិន អស់រយៈពេល៧ឆ្នាំ ដោយបានបំពេញការងារជាច្រើន នៅមូលដ្ឋាន ជាហេតុធ្វើឲ្យលោកប្រធានាធិបតីរូបនេះ បានយល់ដឹងយ៉ាងច្បាស់ពីការរស់នៅរបស់ប្រជាជន។

សៀវភៅនេះ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីការរៀបចំគោលនយោបាយដោយសមធម៌ និងយុត្តិធម៌ផងដែរ។ លោករដ្ឋមន្រ្តីព័ត៌មានចិន JIANG Jianguo បានឲ្យដឹងថា លោក ស៊ី ជិនពីង បានលើកប្រដូចសេដ្ឋកិច្ចប្រទេសចិនទៅនឹងនំខួបកំណើត ហើយថា ត្រូវធ្វើនំនេះ ឲ្យកាន់តែធំ ដើម្បីជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការធានាភាពស្មើគ្នា និងយុត្តិធម៌នៅក្នុងសង្គម ហើយត្រូវបែងចែកនំនេះ ដោយយុត្តិធម៌ ដើម្បីកាត់បន្ថយគម្លាតខាងប្រាក់ចំណូល និងកម្រិតសេវាសាធារណៈនៅទីក្រុង និងជនបទជាដើម ក្នុងគោលបំណងធ្វើឲ្យប្រជាជនចិនទាំងអស់ ឆ្ពោះទៅកាន់គោលដៅរួមគ្នា ដោយមានជីវភាពធូរធា។

តាមរយៈសៀវភៅនេះ ក៏បានឆ្លុះបញ្ចាំងពីទស្សនសំខាន់មួយទៀត គឺការអនុវត្តន៍ជាក់ស្តែង។ លោក ស៊ី ជិនពីង បានគូសបញ្ជាក់ថា ការនិយាយដោយឥតប្រយោជន៍ នឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិ មានតែការប្រឹងប្រែងធ្វើការងារទេ ដែលធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើន។ នេះជាការបញ្ជាក់របស់លោករដ្ឋមន្រ្តីព័ត៌មានរបស់ចិន។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានមើលឃើញពីគុណតម្លៃដ៏លើសលុបផងដែ នៃសៀវភៅរបស់លោក ស៊ី ជិនពីងនេះ។ សុន្ទរកថាក្នុងពិធីផ្សព្វផ្សាយសៀវភៅនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សៀវភៅរបស់លោក ស៊ី ជិនពីង បានផ្តោតលើគំនិតជាសារវន្ត និង ប្រមូលផ្តុំនូវសមិទ្ធផលការងារសំខាន់ៗ ដែលក្នុងនោះគោលការណ៍គ្រឹះសម្រាប់ការអនុវត្ត គឺជាគោលនយោបាយសង្គមនិយមយ៉ាងពិតប្រាកដរបស់ប្រទេសចិន និង មានគុណតម្លៃសមស្របនឹងសង្គមរបស់ប្រជាជាតិចិន។

បើតាមសម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យទ្រឹស្តីទាំងនេះនៅតែមានអាទិភាពក្នុងសង្គមចិន និង លើកតម្កើងកម្រិតនៃការដឹកនាំនោះ ថ្នាក់ដឹកនាំចិន បានខិតខំរក្សាសុចរិតភាព និង តម្លាភាពនៃការអនុវត្តការងាររបស់ខ្លួន។

គោលគំនិតនៅក្នុងសៀវភៅនេះ ក៏បានផ្តោតលើការពង្រីកនូវកិត្យានុភាពនៃវប្បធម៌ ៥០០០ឆ្នាំ ដ៏រុងរឿងរបស់ប្រទេសចិន ដោយជំរុញឲ្យក្តីសុបិនចិនក្លាយទៅជា គោលការណ៍គ្រឹះ ក្នុងការផ្តល់សុភមង្គលជូនដល់ប្រជាជនចិន។ ក្តីសុបិនចិននេះ ក៏បានរួមបញ្ចូលការអភិវឌ្ឍអរិយធម៌ អេកូឡូស៊ី និង ការរួមចំណែកជំរុញឱ្យមាន សុខសន្តិភាពក្នុងតំបន់ និង ពិភពលោក បន្ថែមពីលើសុខសន្តិភាពក្នុងប្រទេស ដែលចិន បានផ្តល់ជូនប្រជាជនរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៤៩មក។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញការចាប់អារម្មណ៍ជាពិសេសទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងនាមជាអ្នកជិតខាងល្អ ជាមិត្តល្អ និង ជាមិត្តពិតប្រាកដជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក ដែលត្រូវបានរំលេចនៅក្នុងសៀវភៅនេះផងដែរ។

សម្តេចនាយករដ្ឋមន្រ្តី បានគូសរំលេចថា ចិនបានក្លាយជាសមាជិកយ៉ាងសកម្មក្នុងការពន្លាតសន្តិភាពជូនដល់ពិភពលោក ហើយ ទំនាក់ទំនងរវាងកម្ពុជា និង ចិន ជាគំរូដ៏ល្អដល់ប្រទេសដទៃទៀតផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ភាពរីកចម្រើន និងឧត្តមភាពរបស់ប្រទេសចិនបានជួយយ៉ាងខ្លាំងដល់ពិភពលោក ដោយសារតែចិន បានប្រកាន់ខ្ជាប់គោលការណ៍សន្តិសហវិជ្ជមាន។

ទាំងសម្តេចតេជោ ហ៊ុន សែន និង លោក JIANG Jianguo សុទ្ធតែមើលឃើញថា ការបោះពុម្ពផ្សាយសៀវភៅជាខេមរភាសា គឺជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញពីទំនាក់ទំនង កាន់តែល្អប្រសើរ និងស្អិតល្មួតរវាងកម្ពុជា និងចិន ដែលមានអាយុកាលប្រមាណ ២០០០ឆ្នាំមកហើយនោះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រជាពលរដ្ឋកម្ពុជា មន្រ្តីរាជការ យុវជន សិស្ស-និស្សិតទាំងអស់ យកសៀវភៅស្តីពី «អភិបាលកិច្ចប្រទេសចិន» របស់លោក ស៊ី ជិនពីង ទៅឤន ហើយខិតខំចម្រាញ់យកទស្សនៈល្អៗជាធាតុផ្សំ ក្នុងការពង្រឹងអភិបាលកិច្ចល្អ ស្របទៅនឹងស្ថានភាព និង បរិការណ៍អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។

សូមបញ្ជាក់ថា សៀវភៅស្តីពីអភិបាលកិច្ចប្រទេសចិននេះ បានចងក្រងនូវអត្ថបទចំនួន ៧៩ អត្ថបទរបស់លោក ស៊ី ជិនពីង ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០១៤ ដែលក្នុងនោះរួមមានសុន្ទរកថា សេចក្តីបង្គាប់បង្ហាញ និងសារលិខិតជូនពរជាដើម។ បច្ចុប្បន្នសៀវភៅនេះ បានបកប្រែជា ១៦ភាសា ព្រមទាំងបោះពុម្ពផ្សាយបានចំនួន ៦ លាន ២សែនក្បាលនៅលើសាកលលោកទាំងមូល។

ក្នុងសៀវភៅនេះរួមមានទាំងគោលការណ៍ណែនាំសំខាន់ៗ អំពីគោលនយោបាយអភិបាលកិច្ចរដ្ឋ និងការគ្រប់គ្រងនយោបាយ សុបិននិងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋសាមញ្ញ មធ្យោបាយល្អសម្រាប់ដោះស្រាយបញ្ហាលំបាកៗ ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវែងឆ្ងាយ មាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន ព្រមទាំងការគិតពិចារណាអំពីការអភិវឌ្ឍរបស់ពិភពលោក និងជោគវាសនារបស់មនុស្សជាតិផងដែរ។

តាមរយៈសៀវភៅនេះ គេនឹងបានយល់ដឹងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ការគិតគូរដល់ប្រជាជន កម្រិតវប្បធម៌ និងទឹកចិត្តដ៏ទូលំទូលាយរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង៕