(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ ដែលនឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៤ ដល់១៧មេសា ឆ្នាំ២០១៧នេះ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានអំពាវនាវ ឲ្យប្រជាពលរដ្ឋចូលរួម ក្នុងសកម្មភាពរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ដើម្បីចូលរួមសប្បាយទាំងអស់គ្នា។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ។
តាមរយៈសេចក្តីជូនដំណឹងខាងលើនេះ អភិបាលរាជធានីភ្នំពេញ បានណែនាំចំណុចសំខាន់ៗរួមមាន៖
១៖ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។
២៖ ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធួប ភ្លើងចង្រ្គាន ចរន្តអគ្គិសនី ដើម្បីរក្សាបានទ្រព្យសម្បត្តិ អាយុជីវិត អាយុជិវិតផ្ទាល់ខ្លួន និងអ្នកដ៏ទៃ។
៣៖ ចូលរួមលេងល្បែងប្រជាប្រិយ៍គ្រប់ប្រភេទ និងចៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹកគប់ស្បោងទឹក លាបធ្យូង ប៉ាតម្ស៉ៅ ទះគក់ដោយដៃ ឬវាយរំពាត់ ដល់អ្នកដល់អ្នកដល់អ្នកធ្វើដំណើរ ឬជិះម៉ូតូបង្ហោះប្រដេញគ្នាលេងតាមដងផ្លូវ ដែលនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួន និងអ្នកធ្វើដំណើរព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សានូវភាពថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ។
រដ្ឋបាលរាជធានីភ្នពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ក្មួយៗជាយុវជន យុវនារី សិស្ស និស្សិត កម្មករ កម្មការនីទាំងអស់នឹងចូលរួមអនុវត្តតាមខ្លឹមសារជូនដំណឹងខាងលើ។
សូមអានខ្លឹមសារលម្អិត នៃសេចក្តីជូនដំណឹងរបស់អភិបាលរាជធានីភ្នំពេញ ខាងក្រោមនេះ៖