(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២១០៧ បានដឹកនាំកម្លាំងក្នុងមូលដ្ឋាន បានចុះបង្ក្រាបគ្រឿងញៀននៅផ្ទះសំណាក់ «ហូលីដេសែនសុខ» ស្ថិតនៅផ្លូវបេតុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ១១នាក់ និងសម្ភារមួយចំនួនទៀត។ ប្រជាពលរដ្ឋមូលដ្ឋានបាននិយាយថា ផ្ទះសំណាក់មួយនេះ បានបើកដៃឲ្យមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
លោកវរសេនីយឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់ឲ្យដឹងថា ការចុះបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការផងដែរ។ ប្រតិបត្តិការនេះបានធ្វើឡើង ដើម្បីធានាភូមិសង្កាត់សុវត្តិភាពសន្តិសុខ ក្នុងមូលដ្ឋានជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាធានាសុខសុវត្ថិភាព នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ជាមួយគ្នានោះដែល សមត្ថកិច្ចបានអំពាវនាវផងដែរ ដល់ម្ចាស់ផ្ទះសំណាក់ ក៏ដូចបងប្អូនប្រជាពលរដ្ឋ ទូទៅមេត្តាចូលរួចកិច្ចសហការ រវាងសមត្ថកិច្ចអាជ្ញាធរ និងប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយបទល្មើស ដែលកើតមានឡើងនៅតាមមូលដ្ឋាន ជាពិសេសពាក់ព័ន្ធនិងទីតាំងសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ៕