(កំពត)៖ កម្លាំងនគរបាលស្រុកអង្គរជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្រោយពីបានគំរាមសម្លាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅក្នុងភូមិអង្គខ្ជាយខាងត្បូង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត។
នគរបាលជំនាញស្រុកអង្គរជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង២រួមមាន៖ ឈ្មោះ នាក់ វ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ ម៉ី ដុំ ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំងពីររស់នៅភូមិ-ឃុំ កើតហេតុខាងលើ និងមានមុខរបរជាកម្មករចំណាកស្រុកនៅប្រទេសថៃ។ ចំណែកជនរងគ្រោះឈ្មោះ តូច សាវន ភេទស្រី អាយុ៥៧ឆ្នាំ មានទីលំនៅភូមិ ជាមួយជនសង្ស័យ។
នគរបាលដដែលបានបន្តថា នៅថ្ងៃកើតហេតុ ជនសង្ស័យបានមកលេងស្រុកកំណើត ហើយមានមិត្តភ័ក្រម្នាក់ឈ្មោះ វឿន រស់នៅភូមិឃុំជាមួយគ្នាដែរ បានមកស៊ីការនៅផ្ទះកើតហេតុខាងលើ ហើយក៏មានទំនាស់កើតឡើងដោយ ឈ្មោះ វឿន ដែលជាមិត្តជនសង្ស័យ ត្រូវបានភាគឺដែលមកស៊ីការម្ខាងទៀត កាប់ត្រូវមួយកាំបិត ហើយបានរត់ទៅផ្ទះបាត់ទៅ។
លុះមួយសន្ទុះក្រោយមក ឈ្មោះ វឿន ដែលត្រូវគេកាប់ ត្រូវបាននាំគ្នឺគ្នា ជាបក្ខពួករបស់ជនជនសង្ស័យ ដោយមានកាំបិតប៉័ងតោ កាំបិតវែង មកសួររកភាគឺម្ខាងទៀត នៅផ្ទះកើតហេតុតែត្រូវបានម្ចាស់ផ្ទះដើមការ ប្រាប់ថាគេនាំគ្នា ទៅផ្ទះវិញអស់ហើយ។
ខណៈនោះស្រាប់តែឈ្មោះ ម៉ី ដុំ និង ឈ្មោះនាក់ វ៉ាន់ បានស្រែកគំរាមម្ចាស់ផ្ទះថា «បើមិនប្រាប់អញថា ពួកវាទៅណាទេ អញនឹងសម្លាប់អ្នកឯង» ហើយទន្ទឹមនឹងនេះ ពួកជនសង្ស័យ ក៏ធ្វើសកម្មភាពកាប់ផ្ទះ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ របស់ជនរងគ្រោះនៅក្នុងផ្ទះខូចខាតអស់ជាច្រើន។
ក្រោយពីកើតហេតុ ម្ចាស់ផ្ទះបានប្តឹងទៅសមត្ថកិច្ច ដើម្បីឲ្យជួយអន្តរាគមន៍។ ពេលនោះកម្លាំងរបស់អធិការដ្ឋាន នគរបាលស្រុកអង្គរជ័យ ក៏បានចុះទៅដល់ហើយធ្វើការ ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ មកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកអង្គរជ័យតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ខាងលើត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕