(ភ្នំពេញ)៖ ពិតជាគួរឲ្យអាណិតណាស់! បុរសម្នាក់ ហេតុតែចង់ឲ្យកូនចៅ ក្រុមគ្រួសារសប្បាយចិត្ត ក៏សម្រេចតខ្សែភ្លើង ដើម្បីបូមទឹកទន្លេ ដាក់ក្នុងពាង ដើម្បីត្រៀមទុកលេងជះកំសាន្ដ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ តែជាអកុសល្យណាស់ ខណៈដែលកំពុងតែតសុខៗ ស្រាប់តែប៉ះមុខតំណរ បណ្ដាលឲ្យឆ្លងចរន្ដ ហើយក៏ឆក់បណ្ដាលឲ្យស្លាប់ ចោលទាំងកូន និងប្រពន្ធយ៉ាងអាណោចអាធម៌ភ្លាមៗនៅនិងកន្លែង។
បើតាមលោក ឯក សេរីវុធ អធិការរងខណ្ឌជ្រោយចង្វារ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បុរសដែលត្រូវខ្សែភ្លើងឆក់បណ្ដាលឲ្យស្លាប់នេះ បានកើត ឡើងនៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងទន្លេ ទល់មុខវត្តព្រែកតាគង់ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះចៅ លាភ ភេទប្រុស អាយុ៦០ឆ្នាំ មានមុខរបរចិញ្ចឹមជ្រូក និងនេសាទត្រី ស្នាក់នៅចំណុចកើតហេតុខាងលើ ជាមួយប្រពន្ធ និងកូន២នាក់។
បើតាមលោកឯក សេរីវុធ ករណីតខ្សែភ្លើងបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់នេះ បានកើតឡើងដោយសារតែ នៅមុនពេលកើតហេតុ ជនរងគ្រោះក៏ព្រោះតែចង់ឲ្យក្រុមគ្រួសារសប្បាយចិត្ត ក៍សម្រេចរៀបចំតខ្សែរភ្លើង ដើម្បីបូមទឹកទន្លេដាក់ក្នុងពាងត្រៀមទុកលេងជះកំសាន្ដ សប្បាយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងចូលមកដល់ឆាប់ៗ នៅពេលខាងមុខ ខណៈដែលកំពុងតែតខ្សែរភ្លើងសុខៗ ក្នុងទឹកទន្លេ ស្រាប់តែប៉ះមុខតំណរ បែរជាឲ្យឆ្លងចរន្ដ ហើយក៏ឆក់បណ្ដាលឲ្យស្លាប់ចោលទាំងប្រពន្ធ និងកូន២នាក់ យ៉ាងអាណោចអាធម៌នៅនិងកន្លែងតែម្ដង។
លោកអធិការរងដដែលបានឲ្យដឹងថា បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងនគរបាលប៉ុស្ដិ៍ព្រែកតាសេក រួមជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានសហការចុះទៅធ្វើការត្រួតពិនិត្យជុំវិញទីតាំងកើតហេតុ ដើម្បីវាយតម្លៃ បានរកឃើញថា ជនរងគ្រោះខាងលើ ពិតជាបានតខ្សែរភ្លើងក្នុងទឹកទន្លេ ហើយក៍ឆ្លងមុខតំណរ បណ្ដាលឲ្យឆក់ស្លាប់ ពិតប្រាកដមែន ព្រមទាំងបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ៕