(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានក្រើនរំឭកឲ្យយុវជន ត្រូវសិក្សាស្វែងយល់ និងចងចាំឲ្យបានច្បាស់ពីប្រវត្តិរបស់ គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើន និងអភិវឌ្ឍន៍ឥតឈប់ឈរ តាំងពីបាទដៃទទេ រហូតមកទល់បច្ចុប្បន្ននេះ តើចាប់កំណើតតាំងពីត្រឹមឆ្នាំណាមក? ហើយមានឈ្មោះអ្វី? ហើយក៏ដោយសារតែគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបយើងមានសព្វថ្ងៃនេះ។
លោកបន្តថា ដោយអនុសាស្ត្ររបស់សម្ដេចបានបញ្ជាក់យ៉ាងច្បាស់ថា ទី១-លើការចចាឲ្យខ្មែរក្រហមចូលមក តែយើងត្រូវធានាទាំងអាយុជីវិតឲ្យគេ ទី២-ធានាឲ្យមានមុខរបរ និងការងារឲ្យគេ ប្រសិនជាទាហានឲ្យទៅធ្វើជាទាហាន ទី៣-ធានាទាំងធន់ធាន និងទ្រព្យសម្បត្តិ នេះជានយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញយ៉ាងច្បាស់ ដើម្បីឲ្យយុវជនកម្ពុជា ត្រូវយល់ដឹង ហើយចាំបាច់ណាស់សម្រាប់យុវជន គឺជាឆ្អឹងខ្នងដ៏មានសារសំខាន់ បំផុតសម្រាប់ប្រទេសជាតិយើង។
លោក ជា ពិសី លើកឡើងដូចនេះនៅក្នុងកិច្ចប្រជុំមួយ ដើម្បីសំណេះសំណាល និងផ្ដល់ថវិកាជូនក្រុមយុវជន ស.ស.យ.ក ចំនួន៩០នាក់ ដែលមកពីតាមបណ្ដាសាខាបក្សភូមិ-សង្កាត់ទាំង៧ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងអាគារA សាលាខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ រួមជាមួយនិងប្រធាន អនុប្រធានការិយាល័យហិរញ្ញវត្ថុខណ្ឌផងដែរ។
ក្នុងការសំណេះសំណាលខាងលើនេះ លោក ជា ពិសី បានថ្លែងថា យើងអាចទទួលបាននូវសុខសន្តិភាព ពីព្រោះយើងអស់ខ្មែរក្រហម ហើយក៍ចាប់ផ្ថើមមានវិនិយោគទុន ពីបណ្ដាក្រៅស្រុក ទើបធ្វើឲ្យយើងមានការអភិវឌ្ឍន៍រហូតមកទល់បច្ចុប្បន្ន នេះក៏ព្រោះតែការយកអាយុជីវិតមកធ្វើ ជាដើមទុន និងកើតចេញពីគណបក្សប្រជាជនកម្ពុជា និងគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។
លោកអភិបាលបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សដែលចាស់ទុំ និងបានចាប់កំណើតតាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១មកម្ល៉េះ ហើយមានឈ្មោះថាដំបូងថា «បក្សប្រជាជនបដិវត្តខ្មែរ» គឺស្រឡាញ់ប្រជាធិប្បតេយ្យ ស្រឡាញ់សន្តិភាព និងលើកកម្ពស់មនសិកាស្នេហាជាតិមាតុភូមិ។
ក្រោយបញ្ចប់កម្មវិធីសំណេះសំណាល លោក ជា ពិសី និងលោក ស៊ូ សោគន្ធ បានចែកជូនថវិការដល់ក្រុមយុវជន ស.ស.យ.ក ចំនួន៩០នាក់ ដោយក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀល រួមជាមួយអាវម្នាក់១ផងដែរ ដើម្បីលើកទឹកចិត្ត មុនកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចូលមកដល់នៅពេលខាងមុខ៕