(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីណែនាំ ដោយបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ចូលរួមជួយបញ្ចៀសការកស្ទះចរាចរណ៍ ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ និងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ដែលចូលរួមក្នុងកម្មវិធីអង្គសង្រ្កាន្តឆ្នាំថ្មី ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង និងបើកលើសល្បឿនកំណត់ ដើម្បីជៀសវៀងគ្រោះថ្នាក់ចរាចរណ៍ដោយលើកពាក្យស្លោកថា «បើពិសាគ្រឿងស្រវឹង កុំបើកបរ» និង «មួយសុវត្ថិភាពមួយ ការពារជីវិតបានម្នាក់» មិនតែប៉ុណ្ណោះអាជ្ញាធរធ្វើ បានពន្យល់ពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន ក្នុងពេលបើកបរដែលបណ្តាលឲ្យ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង បំផ្លាញសុខភាពអ្នកប្រើប្រាស់ ខាតបង់ទ្រព្យសម្បិត្ត និងបំផ្លាញអនាគតរបស់ខ្លួន។
រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ទៀតថា ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍ ស្នងការខេត្តមិនអនុញ្ញតឲ្យរថយន្តដឹកទំនិញ ខ្សាច់ ថ្ម ដីស ដីក្រហម និងគ្រឿងសំណង់គ្រប់ប្រភេទ មិនត្រូវធ្វើរាចរណ៍ចូលក្នុងក្រុងសៀមរាបគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ និងរថយន្តគ្រប់ប្រភេទហាមចតតាមដងផ្លូវ ដើម្បីបញ្ចៀសការកក់ស្ទះចរាចរណ៍ និងឧបទ្ទវហេតុផ្សេងៗ៕