(ភ្នំពេញ)៖ ដោយមានការណែនាំពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុញបង្ហាញពី ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅព្រឹកថ្ងៃទី១១ ខែមេសានេះ បានប្រជុំណែនាំកងកម្លាំងនគរបាលចរាចរណ៍ ស្តីពីផែនការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ ក្នុងពិធីអង្គរសង្រ្គាន្ត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ នៅខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ឯក លើកឡើងថា ក្នុងពិធីសង្រ្គាន្តឆ្នាំនេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ប្រើប្រាស់កម្លាំងសរុបចំនួន១៦០នាក់ រថយន្តស៊ីរ៉ែនចំនួន១៥គ្រឿង និងម៉ូតូចំនួន១០គ្រឿង ដើម្បីសម្រួលចរាចរណ៍ រក្សាសណ្តាប់ធ្នាប់របៀបរៀបរយ និងបញ្ជៀសការកកស្ទះ នៅតាមគោលសំខាន់ក្នុងបរិវេណប្រារព្វពិធី។
ឆ្លៀតក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលអញ្ជើញ ទៅលេងកម្សាន្តនៅខេត្តសៀមរាប សូមមេត្តាមានការយោគយល់ អធ្យាស្រ័យដោយសារកំណើន ការធ្វើចរាចរណ៍មានភាពមមាញឹកខ្លាំង និងសូមចូលរួមសហការជាមួយ សមត្ថកិច្ចទាំងអស់ ដើម្បីការប្រារព្វពិធីប្រព្រឹត្តទៅដោយរលូន និងសប្បាយរីករាយ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក សូមអំពាវនាវដល់អ្នកបើកបរគ្រប់រូប ត្រូវគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ពិសេសសូមកុំបើកបរល្មើសល្បឿនកំណត់ កុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងកុំបើកបរក្នុងស្ថានភាពស្រវឹងឡើយ។ ករណីត្រួតពិនិត្យឃើញល្មើសល្បឿនកំណត់ ឬមានជាតិស្រវឹងលើសកម្រិតកំណត់ ក្នុងពេលបើកបរនគរបាលចរាចរណ៍ នឹងធ្វើការពិន័យអន្តរការណ៍ តាមអនុក្រឹត្យលេខ៨៥ ស្តីពីការពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើស និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងឬកសាងសំណុំរឿងបញ្ជូន ទៅតុលាការតាមមាត្រា៧៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕