(បាត់ដំបង)៖ មនុស្សចំនួន១១នាក់ បានរងរបួសធ្ងន់ស្រាល និងស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយសារតែ រថយន្តចំនួន៣គ្រឿង បានបុកបន្តកន្ទុយគ្នា ស្ថិតនៅតាមផ្លូវជាតិលេខ៥ ភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឬស្សីកែវ ខេត្តបាត់ដំបង នៅវេលាម៉ោងជាង១០ ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ។

នាយនគរបាលប៉ុស្ដិ៍ឃុំព្រៃតូច បានប្រាប់ភ្នាក់ងារ Fresh News ថា ជនរងគ្រោះ១១នាក់ មានស្រី៥នាក់ បានរងរបួសក្នុងនោះរងរបួសធ្ងន់៤នាក់ ក្នុងនោះស្រីម្នាក់។ បើតាមមន្រ្តីនគរបាលរូបនេះ គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើងឡើងដោយនៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ប្រភេទ VIP របស់ក្រុមហ៊ុនកាប់ពីតូល ធ្វើដំណើរទិសដៅពីបាត់ដំបងមកភ្នំពេញ ស្រាប់តែដល់ចំណុចកើតហេតុ បានជ្រុលទៅបុក ដឹកដីមួយគ្រឿងនៅពីមុខ។

ពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាកCamry បាឡែនបានធ្វើដំណើរមកពីក្រោយ ក៏បានបុកបន្តទៀត បណ្តាលឲ្យមនុស្ស ចំនួន១១ នៅក្នុងរថយន្តប្រភេទ VIP និងរថយន្ត Camy បាឡែនរងរបួសធ្ងន់ស្រាល។ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក៏បណ្តាលឲ្យអ្នកជិះកង់ម្នាក់ រងរបួសធ្ងន់ផងដែរ។

បន្ទា​ប់ពីមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានទៅជួយអន្តរាគមន៍ និងហៅរថយន្តពេទ្យដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់។