(ព្រះវិហារ)៖ ជនរងគ្រោះ២នាក់ ត្រូវបានជនមិនស្គាល់មុខលបបាញ់ប្រហារ ដោយកាំភ្លើងច្នៃ ក្រោយចេញពីវង់រាំធុងបាសមួយកន្លែង បានប្រហែល១គីឡូម៉ែត្រ នៅភូមិកាឡោត ឃុំសង្កែ២ ស្រុកឆែប ខេត្តព្រះវិហារ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតបានស្លាប់ ក្រោយបញ្ជូនដល់នៅមន្ទីពេទ្យ។
លោកវរសេនីយ៍ទោ ឈួរ ម៉ាឌី អធិការនគរបាលស្រុកឆែប បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ ថា នៅវេលាយប់មិញ មុនពេលកើតហេតុ ជនរងគ្រោះបានចូលរាំលេងធុងបាស ដែលអ្នកស្រុកបានចាក់សម្រាប់រាំលេង អបអរសាទរបុណ្យចូលឆ្នាំថ្មី ហើយសមត្ថកិច្ចក៏មានប្រចាំការ នៅកន្លែងវង់បាស់នោះដែរ។
ក្រោយពីរាំលេងអស់ចិត្ត ជនរងគ្រោះទាំង២នាក់ បានដើរត្រឡប់ទៅផ្ទះវិញ បានចម្ងាយប្រហែល១គីឡូម៉ែត្រ ស្រាប់តែមានជនមិនស្គាល់មុខណាមិនដឹង បានលបបាញ់សំដៅទៅលើជនរងគ្រោះទាំង២ បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ក្រោយឮសូរផ្ទុះកាំភ្លើង កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យ ដល់កន្លែងកើតហេតុភ្លាម និងបានលើកជនរងគ្រោះទាំង២ យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ តែជាអកុសល ដោយសាររបួសធ្ងន់ពេក ធ្វើឲ្យជនរងគ្រោះម្នាក់បានស្លាប់នៅមន្ទីពេទ្យតែម្ដង។
លោកអធិការបានបន្តថា ជនរងគ្រោះទី១ឈ្មោះ វ៉ាន់ វៃ អាយុ១៨ឆ្នាំ របួសត្រង់ចង្កេះ និងទី២ឈ្មោះ ឈុន រី អាយុ១៧ឆ្នាំ របួសចង្កេះ និងឆ្អឹងជំនី (ស្លាប់) ជនរគ្រោះទាំង២ រស់នៅភូមិជោគជ័យ ឃុំសង្កែ២ ស្រុកឆែប។ ដោយឡែកកាំភ្លើងដែលជនសង្ស័យបាញ់លើជនរងគ្រោះនោះ ជាកាំភ្លើងកែច្នៃ (ប្រភេទកាបិន)។
សាកសពជនរងគ្រោះដែលស្លាប់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ដោយឡែក ជនសង្ស័យសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ តែមន្រ្តីជំនាញបានដាក់ការសង្ស័យថា «ករណីនេះជារឿងគំនុំ»៕