(ភ្នំពេញ)៖ ក្រុមប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅក្នុងសហគមន៍ដីមាស (សំបុកចាប) ដែលទីតាំងរស់នៅមានលក្ខណៈអាណាធិបតេយ្យ លិចទឹក គ្មានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវនោះ បានបង្ហាញនូវក្តីរំភើបរីករាយ និងស្វាគមន៍ ចំពោះការទទួលយក គោលនយោបាយរបស់អាជ្ញាធរ និងក្រុមហ៊ុនអភិវឌ្ឍន៍ OCIC ដែលសម្រេចផ្លាស់ប្តូរផ្ទះរបស់ពួកគាត់ ឲ្យមករស់នៅក្នុងផ្ទះថ្មី នៃបុរីរុងរឿង។
ក្រុមប្រជាពលរដ្ឋសហគមន៍ដីមាស (សំបុកចាប) សុទ្ធតែរំភើបរីករាយ ដោយបានផ្លាស់ចេញពីទីតាំងចាស់ ដោយរស់នៅយ៉ាងលំបាកវេទនា ទៅរស់នៅទីតាំងថ្មី ដែលពួកគាត់អះអាង ស្ទើរតែមិនគួរឲ្យជឿថា ក្នុងមួយជីវិតរបស់ពួកគាត់ មានដូចថ្ងៃនេះឡើយ។
យាយ ចាន់ សង ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ដីមាស បាននិយាយថា «ខ្ញុំអរណាស់ សប្បាយចិត្តខ្លាំងណាស់ ដែលអាជ្ញាធរ និងក្រុមហ៊ុនអភវិឌ្ឍន៍ សម្រេចផ្លាស់ប្តូរពួកទៅរស់នៅកន្លែងថ្មី ។ ខ្ញុំ ឲ្យសូមឲ្យអស់លោកទាំងអស់ សូមឲ្យមានសេចក្ដីសុខ»។
សម្រាប់យាយ ម៉ា ស៊ីណាត បានលើកឡើងថា «ខ្ញុំមានការសប្បាយចិត្ត ខ្ញុំរំភើបដែលបានចេញពីទីនេះ។ ខ្ញុំសប្បាយចិត្តណាស់ ដែលបានដោះដូរ ។ សូមអរគុណច្រើន ដល់ក្រុមហ៊ុន OCIC ដែលបានជួយខ្ញុំ និងរំដោះខ្ញុំចេញពីទីកន្លែងនេះ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន អស់១ជីវិត ដែលដោះដូរខ្ញុំ ឲ្យខ្ញុំចេញពីកន្លែងលំបាកនេះ»។
ដោយឡែកសម្រាប់ លោក វង្ស វរៈ ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើនិយាយថា «ថ្ងៃនេះ ខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានក្រុមហ៊ុន OCIC និងរាជរដ្ឋាភិបាល ដែលបានគិតគូរដល់យើងខ្ញុំ ឲ្យបានផ្លាស់ប្ដូរទីលំនៅពីកន្លែងនេះ ធ្លាប់តែមានប្រវត្តិទឹកលិច ត្រឹមៗទ្រូង។ ឥលូវនេះថាដោះដូរឲ្យពួកយើងខ្ញុំ បានរស់នៅក្នុងបុរីរុងរឿង ខ្ញុំអរគុណយ៉ាងខ្លាំង»។
តំណាងក្រុមហ៊ុន OCIC លោក សុខ សីលបញ្ញា បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅថ្ងៃទី១១ ខែមេសានេះថា នៅរសៀលថ្ងៃនេះ អាជ្ញាធរ និងក្រុមហ៊ុននឹងរៀបចំការចាប់ឆ្នោត ដោះដូរផ្ទះជូនប្រជាពលរដ្ឋក្នុងសហគមន៍ដីមាស ដើម្បីអាចផ្លាស់ប្តូរពីទីតាំងចាស់ មកនៅលំនៅស្ថានថ្មី ក្នុងបុរីរុងរឿង។
បើតាមតំណាងក្រុមហ៊ុនរូបនេះ បានបញ្ជាក់ថា ការចាប់ឆ្នោតនៅថ្ងៃនេះ គឺមានមកពីសហគមន៍ដីមាសចំនួន១៣៧គ្រួសារ និង១១គ្រួសារទៀតជាប្រជាពលរដ្ឋមកពីទីតាំងផ្សេងទៀត ក្នុងសង្កាត់ព្រែកលៀម ផងដែរ៕
សូមទស្សនាវីដេអូ កិច្ចសម្ភាសន៍ជាមួយប្រជាពលរដ្ឋសហគមន៍ដីមាស ពីការលំបាកនៃការរស់នៅទីតាំងចាស់ និង សេចក្តីរីករាយនៅពេលបានផ្លាស់ប្តូរ ទៅរស់នៅក្នុងបុរីរុងរឿង៖