(ភ្នំពេញ)៖ វិស័យសំណង់នៅកម្ពុជា បានបង្កើតការងារជាច្រើនប្រភេទជូនប្រជាពលរដ្ឋ សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧នេះ គិតជាមធ្យមវិស័យនេះ បានផ្តល់ការងារដល់ ពលរដ្ឋ ប្រមាណ ៤៨,០០០នាក់ទៅ៥០,០០០នាក់ក្នុង១ថ្ងៃ ក្នុងនោះនៅរាជធានីភ្នំពេញ មានចំនួនកម្មករប្រមាណពី ២២,០០០នាក់ទៅ ២៣,០០០នាក់ ក្នុង១ថ្ងៃ។ នេះបើយោង តាមរបាយការណ៍ បូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០១៧ និងទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
តាមរយៈការសិក្សាស្រាវជ្រាវសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧នេះ តម្លៃ ពលកម្មសម្រាប់កម្មករ គ្មានជំនាញក្នុង១ថ្ងៃទទួលបាន ៣៥,០០០រៀល ដល់ ៤០,០០០រៀល កម្មករមានជំនាញ និង មេជាងក្នុង១ថ្ងៃទទួលបាន ៥០,០០០រៀល ដល់៧៥,០០០រៀល ចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងៗទៀត ក្នុង១ខែ ទទួលបានប្រាក់បៀវត្ស ពី៤០០ដុល្លារសហរដ្ឋអាមេរិក ទៅ២ពាន់ដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់ក្នុងរបាយការណ៍។
របាយការណ៍ដដែលបានបង្ហាញថា សម្រាប់សំណង់ នៅទូទាំងប្រទេស មានចំនួនសរុប ៧៨៦គម្រោង មានផ្ទៃក្រឡាដែលមានតម្លៃប៉ាន់ស្មាន ទុនវិនិយោគប្រមាណ ១,២៨២,១៥៨,២៨៨ ដុល្លារអាមេរិក បើធៀបនឹងរយៈពេល ដូចគ្នានៃឆ្នាំ ២០១៦ មានចំនួន ៤៧៣គម្រោង ដែលមានតម្លៃប៉ាន់ស្មាន ទុនវិនិយោគប្រមាណ ១,៦៤៧,៣០៤,៩៧៤ ដុល្លារសហរដ្ឋអាមេរិក គឺមានការថយចុះចំនួន ២២.១៦ភាគរយ៕