(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ញើសារលិខិតជូនពរ ដល់កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧។
ក្នុងសារលិខិតនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងសូមកោតសសើរចំពោះមន្ត្រីនគរបាលជាតិ ដែលបានចូលរួមការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនដល់ប្រជាពលរដ្ឋខ្មែរ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ កម្លាំងនគរបាលជាតិបានពុះពារសម្រេចនូវស្នាដៃធំៗ ជាច្រើនក្នុងកិច្ចសហការ ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសការអនុវត្តយុទ្ធនាការសំខាន់ៗ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ព្រមទាំងការជួយសង្គ្រោះ ប្រជាពលរដ្ឋដែលជួបប្រទះ គ្រោះមហន្តរាយផ្សេងៗ។
នាយឧត្តមសេនីយ៍លើកឡើងថា «នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ខ្ញុំសូមសូមបួងសួង ដល់វត្ថុស័ក្តសិទ្ធិក្នុងលោក ព្រមទាំងទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវី សូមជួយប្រោះព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនដល់លោក លោកស្រី នាយ-នាយរង ទាំងអស់ព្រមទាំងក្រុមគ្រួសារ សូមឲ្យមានសុខភាពល្អ សុភមង្គល ចម្រុងចម្រើន សម្បូរសប្បាយជានិរន្តរ៍ និងសូមជូនពរដល់មន្ត្រីនគរបាលជាតិ ដែលមានរបួស ឬមានបញ្ហាសុខភាព ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សូមឲ្យឆាប់ជាសះស្បើយ មានសុខភាពល្អ កម្លាំងមាំមួនដើម្បីវិលត្រឡប់មកបំពេញ ការងារជូនអង្គភាពវិញ»៕