(ភ្នំពេញ)៖ លោកឧកញ៉ា គួច ម៉េងលី អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនម៉េងលី ជេរ. គួច គ្រុប និងជានាយកសាលាអន្តរទ្វីបអាមេរិកាំង បានលក់ភាគហ៊ុន និងលាលែង ពីតំណែងប្រធានក្រុមប្រឹក្សាភិបាល របស់សារព័ត៌មានថ្មីៗហើយ។ នេះបើតាមលិខិតលាលែងរបស់ លោក គួច ម៉េងលី ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ។

លោក គួច ម៉េងលី បានអះអាង នៅក្នុងសេចក្តីជូនដំណឹងនោះថា លោកបានលាលែងពីប្រធានក្រុមប្រឹក្សាភិបាល និងផ្ទេរភាគហ៊ុននៅក្នុងសារព័ត៌មានថ្មីៗ តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ មកម្ល៉េះ។ ជាមួយគ្នានេះ លោកបានបន្ថែមថា «គ្រប់ករណីទាំងអស់ ដែលជាសកម្មភាព រូបភាពរបស់គេហទំព័រនេះ គឺពុំមានអ្វីជាប់ទាក់ទងនឹងខ្ញុំទៀតឡើយ វាគឺជាកាតព្វកិច្ចទំនួលខុសត្រូវដោយផ្ទាល់ របស់គេហទំព័រ និងម្ចាស់ភាគហ៊ុនថ្មីនេះទាំងស្រុង ដោយមិនមានអ្វីជាបជាមួយនឹងខ្ញុំបានទាំងអស់»

លោក គី សុខលីម អគ្គនាយកសារព័ត៌មានថ្មីៗ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា នេះមិនមែនលើកទី១ទេ នៅក្នុងការលក់ភាគហ៊ុន, កន្លងមកមានការលក់ចេញចូល ជាច្រើនដង, ហើយភាគហ៊ុនរបស់សារព័ត៌មានថ្មីៗមានច្រើនគ្នា អាចនិយាយថាមានក្រោម១០នាក់ ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើនរណាម្នាក់មានភាគច្រើនជាងគេនោះទេ៕