(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមើលឃើញថា កង្វះការកែច្នៃកសិផលរបស់ខ្មែរ រួមទាំងស្រូវផងដែរ គឺជាឧសគ្គដ៏ធំមួយនៅក្នុងវិស័យកសិកម្ម ដែលទាមទារឲ្យមានការចូលរួមពីវិស័យឯកជនបន្ថែមទៀត ដើម្បីលើកកម្ពស់តម្លៃកសិផលរបស់ខ្មែរ។

ក្នុងពិធីបិទសន្និបូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវិមានសន្តិភាពនារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកសិកម្មនៅកម្ពុជានាពេលបច្ចុប្បន្នមានការរីកចម្រើនច្រើនហើយ ប៉ុន្តែកង្វះរោងចក្រកែច្នៃកសិផលនៅតែជាចំណោទបញ្ហា និងជាឧបសគ្គសម្រាប់កសិផលរបស់ខ្មែរ។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់យ៉ាងដូច្នេះ «ឧស្សាហកម្ម-កសិកម្ម របស់យើង មានការជឿនលឿនទៅហើយ ក៏ប៉ុន្តែតម្រូវការ នៃការកែច្នៃពាក់ព័ន្ធទៅនឹងវិស័យឧស្សាហកម្មនៅមានកម្រិតនៅឡើយ។ ដូច្នេះបានជាផលិតផលកសិកម្មរបស់យើង រាប់ទាំងស្រូវផងដែរ ពុំមានការកែច្នៃគ្រប់គ្រាន់នោះទេ»

សម្តេចតេជោ បានបន្តថា «ឧស្សាហកម្ម ដែលយើងចង់បានបំផុត គឺឧស្សាហកម្មកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែមសម្រាប់វត្ថុធាតុដើម ដែលមាននៅកម្ពុជា។ នេះជាឧបសគ្គរបស់យើង ដែលយើងបាននិងកំពុងខិតខំធ្វើការងារនេះ តាមរយៈការអំពាវនាវឲ្យមានការវិនិយោគបន្ថែមពីវិស័យឯកជន ដើម្បីចូលរួមទៅលើកិច្ចការនេះ»

ដើម្បីដោះស្រាយបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យកៀរគរអ្នកវិនិយោគ និងត្រូវរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យកសិកម្ម ដើម្បីជំរុញឲ្យមានការបង្កើតឧស្សហកម្មកែច្នៃកសិផលឲ្យបានកាន់តែច្រើន។ សម្តេចនាយករដ្ឋមន្រ្តី បានដាក់ទិសដៅឲ្យធ្វើយ៉ាងណាជំរុញកសិផលរបស់ខ្មែរនាំចេញទៅក្រៅឲ្យបាន ១២ភាគរយលើផលិតផលនាំចេញសរុបនៅឆ្នាំ២០២៥។

ជាការកត់សម្គាល់ ព្រោះតែកង្វះរោងចក្រកែច្នៃកសិផលនេះហើយ ជាហេតុផលធ្វើឲ្យកសិផលរបស់កម្ពុជាជាច្រើនក្នុងមួយឆ្នាំៗដូចជាកៅស៊ូ ដំឡូង និងកសិផលផ្សេងៗជាច្រើនទៀត ជួបបញ្ហាខ្វះខាតទីផ្សារ តម្លៃប្រែប្រួលមិនទៀងទាត់ ធ្វើឲ្យកសិករជួបការខាតបង់ស្ទើរតែរៀងរាល់ឆ្នាំនៅពេលពួកគាត់ប្រមូលផល៕