(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧ស្អែកនេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដែលមានចំណងជើងថា «ស៊ី ជិនពីង៖ អភិបាលកិច្ចប្រទេសចិន» ដែលត្រូវបានបកប្រែជាភាសាខ្មែរ។
ពិធីផ្សព្វផ្សាយសៀវភៅរបស់លោកប្រធានាធិបតីចិន ត្រូវបានធ្វើឡើងដោយមានកិច្ចសហការវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយវិទ្យាស្ថានខុងជឺ។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមជាអធិបតីផងដែរពីលោក JIANG Jianguo រដ្ឋមន្រ្តី ក្រុមប្រឹក្សាព័ត៌មានរបស់ចិន។
សៀវភៅនេះបានចងក្រងនូវអត្ថបទចំនួន ៧៩ អត្ថបទរបស់លោកស៊ី ជិនពីង ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០១៤ ដែលក្នុងនោះរួមមានសុន្ទរកថា សេចក្តីបង្គាប់បង្ហាញ និងសារលិខិតជូនពរជាដើម ។ បច្ចុប្បន្នសៀវភៅនេះ បានបកប្រែជា ១៦ភាសា ព្រមទាំងបោះពុម្ពផ្សាយបានចំនួន ៦ លាន ២សែនក្បាលនៅលើសាកលលោកទាំងមូល។
ក្នុងសៀវភៅនេះរួមមានទាំងគោលការណ៍ណែនាំសំខាន់ៗ អំពីគោលនយោបាយអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយ សុបិននិងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋសាមញ្ញ មធ្យោបាយល្អសម្រាប់ដោះស្រាយបញ្ហាលំបាកៗ ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវែងឆ្ងាយ មាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន ព្រមទាំងការគិតពិចារណាអំពីការអភិវឌ្ឍរបស់ពិភពលោក និងជោគវាសនារបស់មនុស្សជាតិផងដែរ ។
តាមរយៈសៀវភៅនេះ គេនឹងបានយល់ដឹងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ការគិតគូរដល់ប្រជាជន កម្រិតវប្បធម៌ និងទឹកចិត្តដ៏ទូលំទូលាយរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង៕