(សៀមរាប)៖ ស្របពេលដែលចំនួនភ្ញៀវទេសចរបន្តកើនឡើង វិស័យទេសចរណ៍បានបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋខ្មែរ និងបង្កើនចំណូលចូលថវិកាជាតិ សម្រាប់ជំរុញការងារអភិវឌ្ឍន៍នៅក្នុងប្រទេស។ ទន្ទឹមនឹងនោះដែរ បញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាប្រឈមជាច្រើនទៀតនៅតំបន់អង្គរ គឺកំណើនមធ្យោបាយដឹកជញ្ជូនភ្ញៀវទេសចរ។
អាជ្ញាធរអប្សរា ត្រូវគិតគូរឲ្យមានចំណតសមស្របតាមចំនួនភ្ញៀវដែលប្រាសាទនីមួយៗអាចទទួលបាន ដោយមិនបង្កផលប៉ះពាល់អវិជ្ជមានមកលើប្រាសាទ បរិស្ថាន និងទេសភាពវប្បធម៌។ ជាក់ស្តែងកន្លងមកនៅប្រាសាទតាព្រហ្ម តែងតែមានរ៉ឺម៉កដឹកភ្ញៀវទេសចរជាច្រើនចតតាមដងផ្លូវ ដោយសារចំណតនៅមានទំហំតូច ពិសេសនៅផ្នែកខាងលិច ដែលនេះបង្កឲ្យបាត់សណ្តាប់ធ្នាប់ ស្ទះចរាចរណ៍ និង អាចប៉ះពាល់ដល់ប្រាសាទ។
នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧កន្លងទៅនេះ ក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរណ៍អង្គរ ដឹកនាំដោយលោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរអប្សរា បានចុះពិនិត្យទីតាំងផ្ទាល់ជាមួយអ្នកជំនាញអាយ ស៊ី ស៊ី អង្គរ ដើម្បីរៀបចំចំណតបណ្តោះអាសន្នសម្រាប់រ៉ឺម៉ក នៅលើកំណាត់ផ្លូវកៅស៊ូចាស់ ខាងជើងខ្លោងទ្វារខាងលិចប្រាសាទតាព្រហ្ម។
ក្នុងឱកាសនោះ លោក សុខ សង្វារបញ្ជាក់ថា «ជាការចាំបាច់ណាស់ ដែលត្រូវរៀបចំចំណតឲ្យបានប្រសើរ ដើម្បីផ្តល់សេវាជូនភ្ញៀវទេសចរកាន់តែល្អ និងថែរក្សាទេសភាពវប្បធម៌នៃតំបន់អង្គរយើង។ យើងនឹងជំរុញឲ្យមានការរៀបចំចំណតនៅតាមប្រាសាទផ្សេងៗទៀតក្នុងពេលឆាប់ៗខាងមុខ»។
សូមជំរាបថា កន្លងមកអាជ្ញាធរអប្សរាបានរៀបចំសណ្តាប់ធ្នាប់ និងគ្រប់គ្រងលំហូរភ្ញៀវ ដោយសាងសង់ចំណតនៅមុខប្រាសាទអង្គវត្ត ជួសជុល និងរៀបចំឲ្យមានផ្លូវជិះកង់ អនុវត្តចរាចរណ៍ឯកទិសនៅខ្លោងទ្វារទន្លេអុំនាពេលព្រឹក កំណត់វង់ទស្សនានៅប្រាសាទតាព្រហ្មជាដើម។ ការរៀបចំនេះទទួលបានការសាទរជាខ្លាំងពីសំណាក់សាធារណជន ហើយពួកគាត់សំណូមពរឲ្យអាជ្ញាធរអប្សរាបន្តរៀបចំចំណតនៅតាមទីតាំងដទៃទៀត ដើម្បីកុំឲ្យមានការចតពាសវាលពាសកាល ដែលនាំឲ្យបាត់សណ្តាប់ធ្នាប់ និងប៉ះពាល់ដល់តម្លៃអង្គរ៕