(ភ្នំពេញ៖) ស្ថាប័នគ្រប់គ្រងកីឡាកំពូលរបស់កម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នាថ្ងៃទី១០ ខែមេសានេះបានប្រារព្ធពិធី​សូត្រមន្តចំរើន​ព្រះបរិត្ត លើករាសីមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០១៧ ដូចសព្វដង ហើយក៏មានការកោះហៅព្រឹទ្ធាចារ្យកីឡាចាស់ៗ ដើម្បីចូលរួម និងជួបជុំពិសារអាហារសាមគ្គីនាឱកាសនោះផងដែរ។

ពិធីសូត្រមន្ដនេះ តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានការអញ្ជើញចូលរួមពីលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC, លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC រួមទាំងសមាជិកប្រតិបត្តិ និងបុគ្គលិក ។ ប៉ុន្ដែពិសេសថ្នាក់ដឹកនាំមិនភ្លេចការអញ្ជើញព្រឹទ្ធាចារ្យកីឡា ដែលជាអតីតកីឡាករ-កីឡាការិនី ធ្លាប់តស៊ូប្រកួតប្រជែងលើកកិត្តិយសជាតិ និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាកម្ពុជានោះទេ។

មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំ NOCC ដែលមានលោក ថោង ខុន ជាប្រធាន ក៏បានឧបត្ថម្ភថវិកាបន្ដិចបន្ដួចដល់ពួកគាត់ ដើម្បីជាការលើកទឹកចិត្ត ចំពោះព្រឹទ្ធាចារ្យកីឡាទាំងអស់ ដែលនៅតែបន្ដគាំទ្រ និងចូលរួមចែករំលែកបទពិសោធន៍ដល់កីឡាករ-កីឡាការិនីជំនាន់ក្រោយ សម្រាប់ការអភិវឌ្ឍន៍សមត្ថភាព ឆ្ពោះទៅការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសគឺដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម នាឆ្នាំ២០២៣តែម្ដង ៕