(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បានអំពាវនាវដល់កសិករខ្មែរទាំងអស់ កុំឱ្យប្រើប្រាស់ថ្នាំគីមីសម្រាប់ការធ្វើស្រែរបស់ខ្លួន ព្រោះនាំឱ្យខូចគុណភាពអង្កររបស់កម្ពុជា។
ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦-២០១៧ និងលើកទិសដៅឆ្នាំ២០១៧-២០១៨ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៣៖០០រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីងាយស្រួលក្នុងការប្រកួតប្រជែង ប្រជាពលរដ្ឋត្រូវដាំដុះស្រូវដែលមានគុណភាពល្អ ហើយកុំប្រើប្រាស់ថ្នាំពុល ដែលនាំឲ្យប៉ះពាល់គុណភាព និងបាត់បង់ទីផ្សារ។ ជាមួយគ្នានេះ សម្តេចថ្លែងថា ការប្រកួតប្រជែងលក់អង្ករទៅកាន់ទីផ្សារបរទេស កម្ពុជាពិបាកប្រកួតប្រជែងដោយសារតែតម្លៃរបស់កម្ពុជាខ្ពស់ជាងគេ៕