(ភ្នំពេញ)៖ លោក បូ បញ្ញា នាយកប្រតិបត្តិក្រុមហ៊ុន Legend Tiger Prod បានថ្លែងថា ការរួមបញ្ជូលគ្នារវាងក្រុមហ៊ុនផលិតស្ប៉តពាណិជ្ជកម្ម CBS TBC និងក្រុមហ៊ុន Legend Tiger Investment គឺជារឿងមួយដែលល្អបំផុត ដោយការសហការគ្នានេះ បានផ្ដល់នូវភាពងាយស្រួល ទាំងគុណភាពផ្សព្វផ្សាយព័ត៌មាន និងគុណភាពផលិតស្ប៉ត ដែលប្រកបដោយភាពជឿជាក់ ជូនទៅដល់អតិថិជន។
ការថ្លែងរបស់លោក បូ បញ្ញា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរួមបញ្ចូលគ្នាតែមួយរវាងក្រុមហ៊ុនទាំង២ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅស្ថានីយ៍ទូរទស្សន៍ CTN ។
លោក បញ្ញា បានឲ្យដឹងថា «មូលហេតុដែលយើងសហការគ្នានេះ គឺជាទូទៅភ្ញៀវអញ្ជើញមកធ្វើការផ្សព្វផ្សាយ ឬទិញព័ត៌មាន គឺមានការខ្វះខាតកន្លែងផលិតស្ប៉ត ឬពិបាកក្នុងការស្វែងរកទីតាំង ឬក្រុមហ៊ុនណាដែលមានសមត្ថភាព។សម្រាប់ក្រុមហ៊ុនយើង គឺជាក្រុមហ៊ុនឯករាជ្យ ក្នុងការផលិតស្ប៉ត ដែលមានគុណភាព ហើយការសហការជាមួយក្រុមហ៊ុន CBS TBC គឺបានន័យថា ទាំងគុណភាពផ្សព្វផ្សាយព័ត៌មាន ភ្ញៀវក៏ទទួលបាន ការផលិតស្ប៉តប្រកប ដោយភាពជឿជាក់ទៀតផងដែរ»។
លោកបានបន្ដទៀតថា កញ្ចប់មួយដែលមាន Legend Tiger និង CBS TBC គឺជាកញ្ចប់ល្អបំផុត ជាក្រុមហ៊ុនដែលផ្គត់ផ្គង់ផ្នែកសេវាព័ត៌មាន និងសេវាស្ប៉តពាណិជ្ជកម្ម។
លោកបានបន្ដទៀតថា «ពួកខ្ញុំជឿជាក់ នឹងទទួលបានកិច្ចការងារនេះ កាត់តែច្រើនឡើងៗ ព្រោះជាទូទៅពួកគាត់តែងតែ ជ្រើសរើសយក ក្រុមហ៊ុន Legend Tiger ដើម្បីធ្វើស្ប៉តពាណិជ្ជកម្ម ពេលដែលយើងសហការជាមួយ CBS TBC ជាកញ្ចប់ពិសេសមួយជូនពួកគាត់ ដោយទិញមួយ ថែមមួយ ដោយទទួលបានការផលិតស្ប៉ត ដោយមានគុណភាព មានការបញ្ចុះតម្លៃជាដើម។ កញ្ចប់នេះ គឺជាការជូនភ្ញៀវដ៏ពិសេស ដោយទទួលបានផលិតផលរួមមួយ ដោយមានការជឿជាក់ និងគុណភាពច្បាស់លាស់»។
នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន CBS លោក Bernard Anthony បានលើកឡើងថា «ពួកយើងកំពុងព្យាយាម
បញ្ចប់កិច្ចការនេះ ដើម្បីធានាបាននូវការផ្លាស់ប្ដូរដោយរលូន និងបានខិតខំទ្វេដង ដើម្បីឲ្យការរួមបញ្ចូលនេះ ទទួលបានការអនុម័ត ដោយស្របច្បាប់»។
លោក Anthony បានបន្ថែមថា «បច្ចុប្បន្ន ក្រុមហ៊ុនមួយចំនួន បានទាក់ទងទីភ្នាក់ងារក្រៅប្រទេស ដើម្បីផលិតស្ប៉តពាណិជ្ជកម្ម ដែលមានគុណភាពតាមអ្វីដែលពួកគេចង់បាន។ តាមរយៈការរួមបញ្ចូលនេះ ក្រុមហ៊ុននានានៅកម្ពុជា នឹងមានជម្រើសក្នុងការផលិតស្ប៉តពាណិជ្ជកម្មរបស់ខ្លួន ជាមួយទីភ្នាក់ងារក្នុងស្រុក ដោយចំណាយតិចជាងមុន ហើយពួកយើង នឹងផ្ដល់ជូននូវការផលិត ដែលមានគុណភាព និងភាពច្នៃប្រឌិតដូចគ្នា នឹងអ្វីដែលប្រទេសផ្សេងៗក្នុងតំបន់ឥណ្ឌូចិន បានផ្ដល់ជូនដែរ»។
យោងតាមសេចក្តីប្រកាសព័ត៌មាន អ្នកឧកញ៉ាគិត ម៉េង បានថ្លែងថាការរួមបញ្ចូលគ្នានៃក្រុមហ៊ុនទាំង២ នឹងធ្វើឲ្យមានការអភិវឌ្ឍន៍បន្ថែម ដើម្បីបង្កើតទាំងគុណភាពផលិតកម្ម និង សេវាកម្មជូនអតិថិជន។
អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថា ជាមួយនឹងធនធានមនុស្សប្រកបដោយទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់ CBS TVC Production និង Legend Tiger ការវិនិយោគរួមគ្នានេះ នឹងអាចឲ្យកម្ពុជា អាចប្រកួតប្រជែងជាមួយ នឹងបណ្ដាក្រុមហ៊ុនផលិតស្ប៉តពាណិជ្ជកម្ម ក្នុងប្រទេសជិតខាង ដូចជា ប្រទេស ថៃ និង វៀតណាមបាន៕