(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បានបង្ហាញនូវបញ្ហាប្រឈមចំនួន៧ចំណុច ដែលកំពុងកើតមាន នៅលើវិស័យកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទរបស់កម្ពុជា ដែលទាមទារឲ្យមានការដោះស្រាយ។

ការបង្ហាញនូវបញ្ហាប្រឈមចំនួន៧ចំណុចនេះ ធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦-២០១៧ និងលើកទិសដៅឆ្នាំ២០១៧-២០១៨ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។

បញ្ហាប្រឈមចំនួន៧ចំណុច ដែលកំពុងកើតមានរួមមាន៖

ទី១៖ ការបន្សាំរបស់កសិករ ទៅនឹងការប្រែប្រួលធាតុអាកាស ការផ្សព្វផ្សាយបច្ចេសទេសតាមផ្នែកនីមួយៗ រួមទាំងការផ្ដល់ព័ត៌មានទីផ្សារកសិផល ឲ្យបានទៅដល់កសិករ នៅមានកម្រិត។

ទី២៖ ការគ្រប់គ្រង់ និងការប្រើប្រាស់ដីកសិកម្ម ឲ្យចំគោលដៅ និងសក្ដានុពលនៅតាមភូមិសាស្រ្តនីមួយៗ ស្ថិតនៅតែជាបញ្ហា ដែលក្រសួងកំពុងគិតគូរ អំពីការកំណត់តំបន់ដាំដុះ ឲ្យបានសមស្រប។

ទី៣៖ ប្រព័ន្ធស្រោចស្រព នៅពុំទាន់បានគ្របដណ្ដប់ លើផ្ទៃដីដាំដុះឲ្យបានទូលំទូលាយ ពិសេសប្រឡាយទឹកតូចៗ ពុំទាន់ពង្រីកដល់ដីស្រែ របស់កសិករដែលនៅឆ្ងាយៗ។

ទី៤៖ តម្លៃកសិផលធ្លាក់ចុះនៅក្នុងបរិបទនៃទីផ្សារសាកល ពិសេសក្នុងកាលៈទេសៈ ដែលកសិករកំពុងប្រមូលផលស្រូវដើមស្រូវវស្សា ចុងរដូវវស្សា និងរដូវប្រាំងនេះ រួមទាំងការធ្លាក់ចុះថ្លៃកៅស៊ូផងដែរ។

ទី៥៖ បទល្មើសព្រៃឈើ ជលផល ការលួចនាំចូលសត្វ និងសម្ភារកសិកម្មដោយខុសច្បាប់ នៅតែកើតមានពិសេសខេត្តនៅជាប់ព្រំដែន។

ទី៦៖ សកម្មភាពកាប់រានហ៊ុមព័ន្ធ ដីព្រៃឈើដោយខុសច្បាប់ នៅតែកើតមានពុំចេះចាប់រហូតមកដល់ទល់បច្ចុប្បន្ននេះ។

ទី៧៖ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការកែទម្រង់រដ្ឋបាលសាធារណៈ និងសេវាសាធារណៈពុំទាន់បានល្អ ប្រសើរតាមការរំពឹងទុក។

សូមបញ្ជាក់ថា វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២៦.៣% (ថ្លៃបច្នុប្បន្ន) នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៦។ ដោយឡែក វិស័យឧស្សាហកម្ម បានរួមចំណែកប្រមាណ ៣១។៣% និងវិស័យសេវាកម្មប្រមាណ ៤២.៤%។ ការចូលរួមចំណែករបស់វិស័យកសិកម្ម មានការប្រែប្រួលពី ៣៥.៦%-២៦.៣% ក្នុងចន្លោះឆ្នាំ ២០១២-២០១៦ ដោយសារតែវិស័យឧស្សាហកម្ម សំណង់ និងវិស័យសេវាកម្មមានការកើនឡើង៕