(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងដាស់តឿនជាថ្មីដល់ប្រជាពលរដ្ឋខ្មែរ កម្មករនិយោជិត ពិសេសអ្នកបើកបររាល់គ្នា ខណៈធ្វើដំណើរទៅជួបជុំឱពុកម្តាយ និងសាច់ញាតិ នៅឯស្រុកកំណើតវិញនោះ ត្រូវប្រកាន់ខ្ជាប់នូវការគោរពច្បាប់ទាំងអស់គ្នា ដាច់ខាតត្រូវចៀសឲ្យផុត ពីគ្រោះថ្នាក់ជាយថាហេតុណាមួយ។
ពាក្យពេជន៍ផ្ដាំផ្ញើ និងជូនពរទាំងនេះ ត្រូវបានលោករដ្ឋមន្រ្តីលើកឡើង ក្នុងឱកាសប្រារព្ធពិធីបុណ្យសូត្រមន្ត សុំសិរីសួស្តី ជ័យមង្គលវិបុលសុខ ជូនដល់មន្ត្រីរាជការ និងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ។
តាមកម្មវិធីបុណ្យ មានការនិមន្តព្រះសង្ឃសូត្រមន្តជយន្តោ ដើម្បីបង្កក់សេរីជូនដល់មន្ត្រីរាជការ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នៅពេលខាងមុខ និងឧទិ្ទសកុសលជូនដល់ញាតិកាទាំង៧សន្ដាន ដែលចែកកាយរំលាយក្ខ័ន្ធ ទៅកាន់លោកខាងមុខ។
បន្ទាប់ពីពិធីបុណ្យសូត្រមន្តចម្រើនព្រះបរិត្តចប់ ក៏មានពិធីច្រៀងរាំ របាំត្រូដ ដើម្បីបណ្តេញឧបទ្រព្យចង្រៃ ឲ្យបវៀងជៀសចេញឆ្ងាយ ដែលកើតឡើងក្នុងឆ្នាំចាស់ និងនាំមកវិញនៅសិរីសួស្តី និងសុភមង្គល ព្រមទាំងការអភិវឌ្ឍជូនដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរគ្រប់រូប។
លោករដ្ឋមន្ត្រីក៏បានយកឱកាស ប្រកបដោយនក្ខតឫក្សនេះ ជូនពរដល់ប្រជាពលរដ្ឋខ្មែរ ពិសេសកម្មករ-កម្មការិនី ធ្វើដំណើរទៅជួបជុំឱពុកម្តាយ បងប្អូន និងសាច់ញាតិ នៅឯស្រុកកំណើតវិញ សូមឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសូមឲ្យរីករាយសប្បាយទាំងអស់គ្នា ក្នុងឱកាសជួបជុំគ្រួសារជាទីស្រឡាញ់ និងសូមឲ្យអ្នកបើកបរទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕