(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា គោលនយោបាយ របស់រាជរដ្ឋាភិបាលបានគិតគូរយកចិត្តទុកដាក់ច្រើនណាស់ចំពោះកងទ័ព អតីតយុទ្ធជន អាទិភាពទី១គឺលើកស្ទួយទាំងកម្រិតជីវភាព និងកិត្តិយសរបស់កងទ័ព តាមរយៈការតម្លើងប្រាក់បៀវត្សមន្រី្តរាជការ កម្លាំងប្រដាប់អាវុធ និងការផ្តល់នូវរបបផ្សេងៗ ដែលនេះគឺជាការដឹងគុណចំពោះគុណូបការៈ របស់កងទ័ព ក្នុងការស្វែងរក សុខសន្តិភាព ការពារបូរណៈភាពទឹកដី និងបម្រើជាតិមាតុភូមិ និងប្រជាជន។
លោក ហ៊ុន ម៉ាណែត បានស្នើឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវស្វែងយល់ការពិត និង បន្តជឿទុកចិត្តចំពោះ គោល នយោបាយ ការយកចិត្តរបស់រាជរដ្ឋាភិបាលចំពោះកងទ័ព ហើយត្រូវខិតខំបំពេញភារកិច្ច ដោយភាពស្មោះត្រង់ និងឆន្ទៈជូនជាតិព្រោះថាការការពារជាតិមិនចប់ទេព្រោះយើងការពារជាតិ និងថែរក្សាសុខសន្តិភាព សម្រាប់មនុស្សជំនាន់ក្រោយ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងពិធីបូកសរុបការងារបញ្ជូនសារប្រចាំឆ្នាំ២០១៦ ទិសដៅ អនុវត្ត ឆ្នាំ២០១៧របស់បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧។
លោកបានបន្ថែមថា ការធ្វើបដិវត្តពណ៌ នៅក្នុងប្រទេសមួយចំនួន បានកើតឡើងក្នុងគោលបំណង ផ្តួលរំលំរដ្ឋាភិបាល តាមរយៈអ្នកនយោបាយ ដែលមានមហិច្ឆិតានយោបាយ។ ជាលទ្ធផលការធ្វើបដិវត្តពណ៌ បានធ្វើឲ្យប្រទេសទាំងនោះ មានសន្តិសុខ ស្ថេរភាព សន្តិភាពនោះទេ ហើយប្រជាជនរស់នៅក្នុងវិប្បដិសិរីមកដល់សព្វថ្ងៃ។
លោក ហ៊ុន ម៉ាណែត បានស្នើឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវលើកកម្ពស់មនសិការ ស្នេហារជាតិ ស្មោះត្រង់ចំពោះជាតិ ពង្រឹងគុណភាពជំនាញ មានសាមគ្គីភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់នូវសីលធម៌ អត្តចរិត គោរពបទបញ្ជា លក្ខន្តិកៈកងទ័ព និង ច្បាប់ផ្សេងៗរបស់រដ្ឋ មានឆន្ទៈមោះមុតហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិមាតុភូមិនៃយើង៕