(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោកស្រី អាន ផល្លា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ បានមូលមតិជាមួយមន្ត្រីក្រោមឱវាទ និងសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា រៀបចំកម្មវិធីបុណ្យសូត្រមន្ត សុំសិរីសួស្ដី មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ថ្នាក់ដឹកនាំក៏បាននាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីផ្ដល់ជូនជនក្រីក្រ ចាស់ជរា ជនងាយរងគ្រោះ និងយាយជី តាជីចំនួន ១១៧គ្រួសារ សម្រាប់ដោះស្រាយបញ្ហាការខ្វះខាតផ្សេងៗ តាមគ្រួសារនីមួយៗបានមួយចំនួនផងដែរ។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ ស្ថិតក្នុងសាលាខណ្ឌឫស្សីកែវ ដោយមានការចូលរួមពី លោកអភិបាលរងខណ្ឌ ស៊ូ សោគន្ធ លោកអភិបាលរងខណ្ឌ ប្រាជ្ញ សីហា និងអភិបាលរងខណ្ឌ លោក លីន ញ៉ក់ រួមនិងវត្តមានលោក-លោកស្រី មកពីតាមការិយាល័យចំណុះជុំវិញខណ្ឌ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន ដែលមកពីតាមបណ្ដាមន្ទីរ សង្កាត់/ភូមិ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ជាច្រើននាក់ផងដែរ។
លោក ជា ពិសី បានថ្លែងថា ការជួបជុំគ្នាថ្ងៃនេះ ក្នុងរូបភាពជាលក្ខណៈមហាគ្រួសារដ៏ធំមួយ នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលសាលាខណ្ឌឫស្សីកែវ និងបណ្តាមន្ទីរ អង្គភាពជុំវិញខណ្ឌ ដែលមានការនឿយហត់ ក្នុងការបំពេញភារកិច្ចការងាររបស់ខ្លួន រយៈពេលកន្លងមក ក្រោមកិច្ចដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ។
លើសពីនេះ លោកបានថ្លែងទៀតថា ដោយមានការយកចិតទុកដាក់ខ្ពស់ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំចាត់ចែងឲ្យសាលាខណ្ឌ នាំយកមកផ្ដល់នូវគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ដើម្បីយកមកចែកជូនតែសម្រាប់ពលរដ្ឋក្រីក្រចំនួន ១០០គ្រួសារ មុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចូលមកដល់ ក្នុងពេលខាងមុខ ដោយក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម និងអាវយឺត១ និងថវិកា២ម៉ឺនរៀលស្មើៗគ្នា ក្នុងនោះយាយជី តាជីចំនួន ១៧រូប មកពីតាមបណ្ដាវត្តចំនួន៥វត្ត រួមមាន៖ វត្តញ្ញាណរង្សី ទទួលបានបច្ច័យផ្ទាល់ ពីអភិបាលខណ្ឌ និងការចូលរួមពីមន្ត្រីសមាជិក-សមាជិកា ចំនួន៦០ម៉ឺនរៀល, វត្តទួលសុវណ្ណរ៉ាម ទទួលបានបច្ច័យ៥០ម៉ឺនរៀល, វត្តឧត្តរាវត្តី ទទួលបានបច្ច័យ៥០ម៉ឺនរៀល, វត្តទួលសន្តិវ័ន្ដ ទទួលបានបច្ច័យ៥០ម៉ឺនរៀល, និងវត្តកោះមេត្តាពោធិ៍វង្ស ទទួលបានបច្ច័យ៥០ម៉ឺនរៀល ហើយក្នុងមួយវត្តៗ ទទួលបានអង្ករ៥០គីឡូក្រាម មានទាំងមី ទឹកបរិសុទ្ធ ទឹកក្រូច ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងផ្លែឈើផងដែរ។
លោក ជា ពិសី បានបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ និងថវិកាទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ចែកជូនតែប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះ ជាពិសេស
សម្ដេចទាំងពីរ តែងតែផ្ដាំហើយផ្ដាំទៀត ដើម្បីឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែខិតខំប្រឹងប្រែង យកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋក្រីក្រ ដោយមិនប្រកាន់ពូជសាស ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ឲ្យតែជាពលរដ្ឋរស់នៅលើទឹកដីកម្ពុជា។
បន្ថែមពីនេះ ព្រះតេជគុណមង្គលរក្តិតបណ្ឌិត ខឹម សម្បត្តិ ព្រះវិន័យធម៌ និងជាព្រះចៅអធិការវត្តញ្ញាណរង្សី បានចូលរួមចំណែកជួយឧបត្ថម្ភជាថវិកា ជូនដល់ប្រជាពលរដ្ឋក្រីក្រទាំង១០០គ្រួសារផងដែរ ដោយក្នុង១គ្រួសារៗទទួល២ម៉ឺនរៀល ដោយក្នុងបំណងចូលរួមចំណែកជាមួយអាជ្ញាធរខណ្ឌឫស្សីកែវ ក៏ដូចជាកាកបាទក្រហមកម្ពុជា ក្នុងបំណងដើម្បីលើកស្ទួយទ្រទ្រង់ និងអភិវឌ្ឍផ្នែកព្រះពុទ្ធសាសនា ដែលជាសានារបស់រដ្ឋ ឲ្យកាន់តែមានភាពរីកចម្រើនលូតលាស់ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ លើគ្រប់វិស័យរហូតមកទល់បច្ចុប្បន្ននេះ៕