(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បានចេញលិខិតជាផ្លូវការ ប្រកាសដកហូតមុខតំណែង ឋានន្តរស័ក្តិ លោក ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយបណ្តេញមន្រ្តីរូបនេះ ចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ។ នេះបើតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ដែលអង្គភាព Fresh News ទើបទទួលបាននៅមុននេះបន្តិច។
តាមការប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅពេលនេះ បានឱ្យដឹងថា ប្រាក់បៀវត្សរ៍ និងរបបឧបត្ថម្ភផ្សេងៗ ត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ ចាប់ពីខែមេសា ឆ្នាំ២០១៧ តទៅ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៨៖៤៥នាទី ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ក្នុងបរិវេណប៉ុស្តិ៍អន្តោរប្រវេសន៍ នាយរងប៉ុស្តិ៍អន្តោរប្រវេសន៍ ឈាន ពិសិដ្ឋ បានបាញ់មន្រ្តីនគរបាលធ្វើការជាមួយគ្នា បណ្តាលឱ្យរងរបួសនៅស្មា តែសំណាងល្អមិនប៉ះពាល់ដល់អាយុជីវិត ។ បន្ទាប់ពីមានករណីនេះ អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ បានធ្វើលិខិតស្នើសម្តេចក្រឡាហោម ស ខេង ដើម្បីពិចារណាក្នុងការបណ្តេញជននេះ ចេញពីក្របខណ្ឌ។
លោក ឈាន ពិសិដ្ឋ មានតួនាទីជានាយរងប៉ុស្តិ៍អន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រើប្រាស់អាវុធខ្លី ម៉ាកហ្វេអាកុល បានបាញ់ទៅលើ លោក សេម មករា នាយផ្នែករដ្ឋបាលចំស្មារខាងឆ្វេងបណ្តាលឲ្យដាច់រលាត់ នៅក្នុងអង្គភាពធ្វើការតែម្តង ដោយសារតែភាគីទាំង២ បានឈ្លោះប្រកែកគ្នាខ្លះៗ។ នៅព្រឹកមិញនេះ លោក ឈាន ពិសិដ្ឋ មិនបានចូលខ្លួនទៅដោះស្រាយ តាមការកោះហៅនោះទេ ពោលមានតែមន្រ្តីនគរបាលជាជនរងគ្រោះ និងអ្នកពាក់ព័ន្ធ៣នាក់ ប៉ុណ្ណោះដែលបានចូលខ្លួនទៅបំភ្លឺ៕
ជនដៃដល់ ឈាន ពិសិដ្ឋ
ជនរងគ្រោះ សេម មករា