(កណ្ដាល)៖ តារាសម្ដែង និងតារាចម្រៀង រួមមានកញ្ញា ទេព បូព្រឹក្ស, កញ្ញា ផន លីដា, អ្នកនាង ស៊ុន ណារីម៉ូនីកា, កញ្ញា ស្រីពៅ មុខឈើ, នាយព្រែក,កញ្ញា ពេជ្រ អាវីហ្សា, លោក ចន អេឡិចហ្សូរ៉ា និងតារាចាស់ថ្មីសរុបជាង៤០រូបមកពីគ្រួសារតារាកម្ពុជា បានរៀបចំកម្មវិធីព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌មួយ នៅក្នុងបរិណា វិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីស្វែងរកថវិកាជួយដល់ មន្ទីរពេទ្យគន្ធបុប្ផា ដែលជាសកម្មភាពមនុស្សធម៌ដ៏ធំមួយ របស់ក្រុមគ្រួសារតារាកម្ពុជា។
លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានបង្ហាញពីការរំភើប ដែលព្រឹត្តិការណ៍ដើរលើកំរាលព្រំ និងច្រៀងរាំមួយនេះ ទទួលបានជោគជ័យហួសពីការស្មាន ដោយសារតែមានវត្តមានតារាល្បីៗ របស់ក្រុមចូលរួមយ៉ាងច្រើនកុះករ ហើយច្រៀង រាំដោយគ្មានការរើសអើង បើទោះមិនទទួលបានប្រាក់កម្រៃ។ យ៉ាងណាមិញ លោកបានបង្ហាញអារម្មណ៍ខកចិត្ត ដោយសារតែអ្នកទស្សនា មានសភាពកកក្ដាំងខ្លាំងពេក ដែលមិនអាចឲ្យតារាសិល្បៈ ដែលមានគម្រោងច្រៀងរាំ នៅលើកំរាលព្រំ។
លោកបន្តថា នេះជាព្រឹត្តិការណ៍ច្រៀងរាំ និងដើរកាត់កំរាលព្រំ រួមជាមួយក្រុមដំបូលតែ១ ដើម្បីរ៉ៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា និងកុមារកំព្រាមួយក្រុម។ ជាព្រឹត្តិការណ៍កំរាលព្រំ របស់គ្រួសារតារាកម្ពុជា ដែលតាមគម្រោង គឺនឹងធ្វើជាទ្រង់ទ្រាយតូច និងជាត្រង់ទ្រាយធំយ៉ាងហោចមួយលើក ដើម្បីរំលេចសកម្មភាពក្រុម និងដើម្បីជួយរៃអង្គាសថវិកា ជួយដល់សង្គម។
សូមបញ្ជាក់ថា ថវិកាដែលបានពីការផ្ញើកង់ផ្ញើម៉ូតូ ពីការលក់ដូរទំនិញរបស់ក្មេងៗនៅក្នុងសាលា មិនត្រូវបានយកមកចំណាយ នៅក្នុងកម្មវិធីទាំងអស់ឡើយ។ ក្នុងនោះគ្រួសារតារាកម្ពុជា មិនមែនផ្គត់ផ្គង់តែលើផ្ដល់តារាសិល្បៈឲ្យចូលរួមប៉ុណ្ណោះទេ ប៉ុន្តែក៏បានរាប់រងរឿងឆាកតន្ត្រី និងការចាត់ចែងនៅក្នុងកម្មវិធីទាំងមូល តាមរយៈការឧបត្ថម្ភពីដៃគូផ្សេងៗ៕