(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងគូសបញ្ជាក់ថា សុខទុក្ខរបស់មន្រ្តីរាជការ ក៏ជាសុខទុក្ខរបស់លោកផងដែរ ដែលត្រូវតែយកចិត្តទុកដាក់ជាប់ជានិច្ច។

ដោយឈរលើទស្សននេះ លោករដ្ឋមន្រ្តី ដែលកំពុងមានការកោតសរសើរ និងមានប្រជាប្រិយភាពមួយរូប នៅកម្ពុជានោះ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បានអញ្ជើញចុះសុខទុក្ខមន្រ្តីរាជការគ្រប់ផ្នែកនៅក្នុងក្រសួង ព្រមទាំងបានផ្តល់ថវិកាមួយចំនួនដល់ពួកគេផងដែរ។

ការផ្តល់ថវិកាឧបត្ថម្ភនេះ គឺជាការលើកទឹកចិត្ត​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បន្ទាប់ពីពួកគេបានខិតខំប្រឹងប្រែង ធ្វើការដើម្បីបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ត្រូវបានគេប្រសិទ្ធនាមថា ជារដ្ឋមន្រ្តីមួយរូប ដែលមានភាពប៉ិនប្រសប់ និងសម្រេចការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន៕