(ព្រះវិហារ)៖ លោក ឈន សុភាព អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប-ព្រះវិហារ និងមន្រ្តីរាជការក្រោមឱវាទ ក្រសួងជាច្រើនរូបទៀត នៅចុងសប្ដាហ៍ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ កងកម្លាំងយោធាការពារព្រំដែនលេខ៣៩៥ (អតីត ៤០១) និងយោធាវរៈសេនាតូចលេខ១០៥ នៃអង្គភាពនគរបាលការពារព្រំដែន ប្រមាណជាង៧២៨នាក់។

ក្រោយពីបានទទួលស្វាគមន៍របស់ លោកឧត្តមសេនីយ កាន់ ឈន មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចលេខ៩ , លោក អ៊ាម និក មេបញ្ជាការកងការពារព្រំដែនលេខ ៣៩៥ និង លោក ញ៉ែម គៀង មេបញ្ជាការកងការពារព្រំដែនលេខ ១០៥ លោក ឈន សុភាព បានកោតសរសើរដ៏ស្មោះ និងលើកទឹកចិត្តបន្ថែមទៀត ជូនកងកម្លាំងទាំងអស់ដែលខិតខំរក្សា បាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ស្ថេរភាពនយោបាយ នៅតាមបន្ទាត់ព្រំដែន ដោយស្មារតីទទួលខុសត្រូវខ្ពស់ មិនខ្លាចនឿយហត់ ដើម្បីជាតិមាតុភូមិកម្ពុជាយើងទាំងអស់គ្នា។

លោកបានលើកឡើងទៀតថា ទន្ទឹមនោះ យើងបានប្រកាន់ភ្ជាប់នូវយុទ្ធសាស្រ្ត សមរភូមិមុខ សមរភូមិក្រោយដែល មិនអាចខ្វះបាន។ ដូចនូវក្នុងឱកាសនេះ ដែលថ្វីត្បិតថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការក្រោមឱវាត មមាញឹកយ៉ាងណាក៏ដោយ ក៏យកឱកាសដ៏មានតម្លៃនេះមកចុះ សួរសុខទុក្ខ និងសំណេះសំណាល ប្រកបដោយក្តីនឹករលឹកបំផុតពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិសេសពីសំណាក់រាជរដ្ឋាភិបាល ដែលមានសមេ្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃកម្ពុជា ដឹកនាំប្រទេសប្រកបដោយ គតិបណ្ឌិតមានការអភិវឌ្ឍន៍
ឥតឈប់ឈរ។

ជាមួយគ្នានេះដែរ លោកព្រមទាំងប្រតិភូ ក៏បានប្រគល់ ជូននូវថវិកា, គ្រឿងឧបភោគ បរិភោគ, ភេសជ្ជ:, ថ្នាំពេទ្យ, និងសម្ភារមួយចំនួនទៀតផងដែរជូន កងកម្លាំងយោធាការពារព្រំដែនលេខ៣៩៥ (អតីត៤០១) ចំនួន ៣៩៩នាក់ និងយោធាវរៈសេនាតូចលេខ១០៥ នៃអង្គភាពនគរបាលការពារព្រំដែន ចំនួន ៣២៩នាក់ គឺបានប្រគល់ និងចែកជូនអង្គភាព និងកងកម្លាំងដោយផ្ទាល់សរុបចំនួន៧០២នាក់ ដែលសរុបជាទឹកប្រាក់មានចំនួនជាង៧៥លានរៀល៕