(រតនគិរី)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី សហការជាមួយមន្រ្តីគយច្រកទ្វារអូរយ៉ាវ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បានដកហូតទំនិញ និងគ្រឿងបរិភោគខូចគុណភាពមួយចំនួន នៅផ្សារអូរយ៉ាដាវ និងផ្សារបរកែវ សរុបជិត៧០គីឡូក្រាម ដែលនាំចូលតាមច្រកព្រំដែនអូរយ៉ាដាវ ប្រមូលយកទៅកម្ទេចចោលទាំងអស់។
មន្រ្តីកាំកុងត្រូលខេត្តបានឲ្យដឹងថា ក្រុមការងារជំនាញបានសហការជាមួយមន្រ្តីគយ ដើម្បីត្រួតពិនិត្យរកទំនិញម្ហូបអាហារ ដែលចូលពីប្រទេសជិតខាង ក្រែងមានសារធាតុគីមីហាមឃាត់ ជាលទ្ធផលបានដកទំនិញផុតកាលប្រើប្រាស់មួយចំនួន រួមមាន៖ ទឹកស៊ីអ៊ីវ ២៤ដប, ទឹកត្រីបាហ្វង់ ១២ដប, ទឹកដោះគោខាប់ ៦កំប៉ុង, នំកន្ទក់ ២៥ដុំ, ទឹកក្រូច ១២ដប, នំហូហាង ២០០កញ្ចប់ និងស្ករគ្រាប់ ៥០កញ្ចប់ បើគិតជាទម្ងន់សរុប ៦៩គីឡូក្រាម។
មន្រ្តីដដែលបានបន្តថា ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងសុខភាពប្រជាពលរដ្ឋ មន្រ្តីជំនាញកាំកុងត្រូល នឹងបន្តយុទ្ធនាការនេះ ជាបន្តបន្ទាប់ទៀត។ ជាមួយគ្នានោះ មន្រ្តីជំនាញកាំកុងត្រូលក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអាជីវករមិនត្រូវយកបន្លែ ផ្លែឈើ និងទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទ យកមកលក់បន្តទៀត។
មន្រ្តីកាំកុងត្រូលខេត្តបានបន្ថែមថា ការធ្វើរបៀបនេះ ក៏មានការណែនាំពីសំណាក់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ដើម្បីចូលរួមចំណែកការពារសុវត្ថិភាពចំណីអាហារ ជូនប្រជាពលរដ្ឋ៕