(ភ្នំពេញ)៖ តារាសម្ដែងក្នុងរឿងភាគ មានចំណងជើងថា «នាងនាថបាត់ដំបង» និងរឿង «នរណាសម្រក់ទឹកភ្នែក ដើម្បីអូន» ត្រូវបានស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ រៀបចំពិធីជប់លៀងអបរអរសាទរ ក្នុងការបញ្ចប់ការថតប្រកបដោយជោគជ័យ នៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃនីខ្មែរនេះផងដែរ ។
លោក ហួង តារាមុន្នី ប្រធានផលិតកម្មវិធីភាពយន្ត នៅប៉ុស្ដិ៍លេខ៥ បានថ្លែងអះអាងថា ពិធីជប់លៀងរវាងតារាសម្ដែង ក្រុមការងារថត និងប៉ុស្ដិ៍លេខ៥ មិនមែនជាលើកទី១នោះទេ ដោយសារតែកម្មវិធីបែបនេះ កើតមានគ្រប់រឿងដែលបានដឹកនាំថត ដោយក្រុមផលិតករថៃ ក្រោយពេលថតចប់។ ជំនួបមួយនេះ ដើម្បីលើកទឹកកចិត្តដល់តារាសម្ដែងផង ដល់ក្រុមការងារផង និងសំខាន់ជាងគេ គឺធ្វើឲ្យអ្នកពាក់ព័ន្ធទាំងនេះក្លាយជាគ្រួសារតែមួយ។
លោកបន្តថា តារាសម្ដែងដែលបានបង្ហាញខ្លួន សម្រាប់តែអ្នកថតរឿង «នាងនាថបាត់ដំបង» និងរឿង«នរណាសម្រក់ទឹកភ្នែកដើម្បីអូន» ដែលបានថតចប់ជាផ្លូវការ និងបានដំណើរការបញ្ចំាងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥រាល់ថ្ងៃដែលបានកំណត់ប៉ុណ្ណោះ។ ចំណែកតារាសម្ដែងក្នុងរឿងផ្សេងទៀត មិនបានជ្រើសឲ្យមកចូលរួមនោះទេ។
ប្រធានផលិតកម្មវិធីភាពយន្ត នៅប៉ុស្ដិ៍លេខ៥រូបនេះបន្តទៀតថា ប៉ុស្ដិ៍លេខ៥សុខចិត្តចំណាយខ្ពស់ ទាំងការជួលផលិតករថៃ ឲ្យមកផលិតរឿងភាគខ្មែរឲ្យខ្លួន និងចាយកញ្ចប់ជប់លៀងធំដុំមួយទៀត ដើម្បីតួ និងក្រុមការងារមានភាពស្និទ្ធស្នាល ក្រោយពេលថតចប់មួយរឿងៗ។ ម្យ៉ាងមកពីរឿង «នាងនាងបាត់ដំបង» ដែលគ្រោងនឹងដាក់ផ្សាយ និងរឿង «នរណាសម្រក់ទឹកភ្នែកដើម្បីអូន» ត្រូវបានមហាជនចាប់អារម្មណ៍ តាំងពីពេលក្រុងពាលីផង ទើបការជប់លៀងជួបជុំតួសម្ដែងវគ្គបញ្ចប់ មិនខុសពីបំផុសឲ្យអ្នកពាក់ព័ន្ធទាំងនោះ មើលឃើញពីតម្លៃភាពយន្តរបស់ខ្មែរ និងតម្លៃការងាររបស់ខ្លួន៕