(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បានដាក់ផែនការ​ណែនាំ ឲ្យកម្លាំងអាវុធហត្ថទូទាំងខេត្ត បង្កើនសកម្មភាពពន្យល់បញ្ជ្រាបពីបញ្ហាគ្រឿងញៀន ដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីជំរុញការទប់ស្កាត់ និងបង្ក្រាបឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

អនុសាសន៍ទាំងនេះត្រូវបានលើកឡើងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំត្រីមាសទី១ និងទិសដៅការងារ ត្រីមាសទី២ ឆ្នាំ២០១៧ ដោយមានចូលរួមពីមេបញ្ជាការរង នាយរងសេនាធិការ មេបញ្ជាការ មេបញ្ជការរងក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ ទាហាន នាយទាហានរងទូទាំងខេត្ត។

លោកឧត្តមសេនីយ៍ត្រីបានលើកឡើងថា កម្លាំងនៃអាវុធហត្ថទាំងអស់ នាំគ្នាគោរពឲ្យបានអនុសាសន៍ ៩ចំណុច របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងបានដាស់តឿនគ្រប់ជំហាន ឲ្យកម្លាំងកងរាជ អាវុធហត្ថ គេចឲ្យឆ្ងាយពីបទល្មើសនានា ទាំងបញ្ហារកស៊ីមិនសុច្ចរិតផ្ទុយពីច្បាប់ផងដែរ។

លោកមេបញ្ជាការបានលើកឡើងថា ត្រូវចូលរួមឲ្យសកម្មរាល់ការងារមនុស្សធម៌ ក្នុងមូលដ្ឋានរបស់ខ្លួន បង្កើនការអប់រំប្រជាពលរដ្ឋឲ្យពួកគាត់ បានជ្រួតជ្រាប អំពីបញ្ហាគ្រឿងញៀន ដើម្បីឲ្យពួកគាត់យល់ដឹង បន្តអប់រំកូនចៅរបស់ខ្លួន ឲ្យគេចឆ្ងាយពីបញ្ហានេះ។

ពង្រឹងជំនឿចិត្ត កសាងទំនុកចិត្តចំពោះប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីភាពរឹងមាំក្នុងកិច្ចការងារ បង្ការ បង្ក្រាប សង្គ្រោះ ឲ្យមានប្រសិទ្ធភាព រក្សាបានសុខសន្តិភាព សុវត្ថិភាពឲ្យបានល្អ។

លោកបញ្ជាក់ «គ្រប់បណ្តាអង្គភាពមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ ត្រូវពង្រឹងការងាររៀនសូត្រ ការងាររស់នៅឲ្យបានប្រសើរ ត្រូវគោរពវិន័យកងទ័ព ចូលរួមរៀនសូត្ររាល់វគ្គហ្វឹកហ្វឺន ឲ្យបានទៀងទាត់ ដើម្បីបានក្លាយខ្លួនជាទាហាន ជាអ្នកអនុវត្តច្បាប់ និងជាគំរូល្អដឹកនាំប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»៕