(រតនគិរី)៖ ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការបង្ក្រាបបទល្មើស ធនធានធម្មជាតិថ្នាក់ជាតិ និងលោក ថង សាវុន អភិបាលខេត្តរតនគិរី នៅថ្ងៃទី៩-១០ ខែមេសា ឆ្នាំ២០១៧នេះ កម្លាំងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស មន្រ្តីរដ្ឋបាលព្រៃឈើ បរិស្ថាន និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះរឹបអូសឈើស្រឡៅ និងឈើសុក្រំជិត៦០០កំណាត់។
លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា បន្ទាប់ពីកម្លាំងលោកបើក ការស្រាវជ្រាវរុករក ប្រទះឃើញឈើខាងលើរួច លោកបានសុំកម្លាំងសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ រហូតចុះទៅបង្ក្រាប និងរឹបអូសតែម្តង។
លោកបន្តថា ប្រតិបត្តិការខាងលើនេះ អស់រយៈពេល២ថ្ងៃ គឺថ្ងៃទី៩-១០ ខែមេសា ឆ្នាំ២០១៧ នៅទីកន្លែង២ផ្សេងគ្នា ដោយថ្ងៃ ម្សិលមិញត្រង់ចំណុចភូមិសំ ភូមិដធំឃុំយ៉ាទុង ស្រុកអូរយ៉ាដាវរឹបអូសឈើសុក្រំ៤២៦កំណាត់ និងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិបាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ដោយរឹបអូសឈើស្រឡៅ១៤៤កំណាត់ ហើយឈើទាំងនេះនឹងប្រគល់ជូនមន្រ្តីរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការតាមច្បាប់៕