(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦-២០១៧ និងលើកទិសដៅឆ្នាំ២០១៧-២០១៨ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៣៖០០រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព។
សូមបញ្ជាក់ថា វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២៦,៣% (ថ្លៃបច្នុប្បន្ន) នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៦នេះ។ ដោយឡែក វិស័យឧស្សាហកម្ម បានរួមចំណែកប្រមាណ ៣១,៣% និងវិស័យសេវាកម្មប្រមាណ ៤២,៤%។ ការចូលរួមចំណែករបស់វិស័យកសិកម្ម មានការប្រែប្រួលពី ៣៥,៦%-២៦,៣% ក្នុងចន្លោះឆ្នាំ ២០១២-២០១៦ ដោយសារតែវិស័យឧស្សាហកម្ម សំណង់ និងវិស័យសេវាកម្មមានការកើនឡើង។
ក្រសួងកសិកម្មបានផ្សព្វផ្សាយថា បើទោះបីជាកសិកម្ម បានជួបប្រទះនូវគ្រោះធម្មជាតិ ពិសេសគ្រោះរាំងស្ងួតនៅដើមរដូវ និងជំនន់នៅចុងរដូវវស្សាក៏ដោយ ក៏កម្ពុជាទទួលបាននូវសមិទ្ធផល ជាវិជ្ជមានប្រកបដោយមោទនភាព ដូចបានរៀបរាប់ខាងលើ ពោលគឺវិស័យកសិកម្មឆ្នាំ២០១៦ នេះមានកំណើនរហូតទៅដល់ ៣% ល្អប្រសើរជាងឆ្នាំ២០១១៥ មុននេះដែលទទួលបានត្រឹមតែ០,២៤%៕