(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសបណ្តេញចេញ នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ឈានពិសិដ្ឋ ពីក្របខណ្ឌមន្រ្តីនគរបាលជាតិ ហើយសេចក្តីប្រកាសនឹងចេញជាផ្លូវការនៅរសៀលថ្ងៃនេះ។ នេះបើយោងតាមមន្រ្តី នគរបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃបានប្រាប់អង្គភាព Fresh News នៅមុននេះនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ។
ការប្រកាសបណ្តេញចេញមន្រ្តីនគរបាលអន្តោប្រវេសន៍រូបនេះ ពីសំណាក់សម្តេចក្រឡាហោម ដោយសារតែមន្រ្តីរូបនេះ បានបាញ់ប្រហារមន្រ្តីនគរបាល ធ្វើការជាមួយគ្នានៅក្នុងអង្គភាពបណ្តាលឲ្យរងរបួស។
មន្រ្តីនគរបាលជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា «ឈានពិសិដ្ឋ ត្រូវសម្តេចក្រឡាហោម សម្រេចបណ្តេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិហើយ ជាសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃតែម្តង ហើយសេចក្តីប្រកាសនេះ នឹងធ្វើរួចអាចនៅរសៀលថ្ងៃនេះហើយ»។
បើតាមមន្រ្តីនគរបាលរូបនេះ បន្ទាប់ពីបណ្តេញចេញ ឈានពិសិដ្ឋ នឹងក្លាយជាប្រជាពលរដ្ឋសាមញ្ញម្មាក់ ហើយកម្លាំងសមត្ថកិច្ចនឹងតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ជាក់ជាមិនខានឡើយ។ គិតត្រឹមវេលាម៉ោង២រសៀលថ្ងៃនេះ ឈានពិសិដ្ឋ បានរត់គេចខ្លួននៅឡើយ ហើយទូរស័ព្ទក៏តេមិនចូលទេ តែមិនអាចរត់ទៅណារួចទេ ត្រូវតាមចាប់យកមកកាត់ទោសតាមច្បាប់។ នេះជាការបញ្ជាក់បន្ថែមរបស់មន្រ្តីជាន់ខ្ពស់រូបនេះ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៨៖៤៥នាទី ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ក្នុងបរិវេណប៉ុស្តិ៍អន្តោរប្រវេសន៍ នាយរងប៉ុស្តិ៍អន្តោរប្រវេសន៍ ឈានពិសិដ្ឋ បានបាញ់មន្រ្តីនគរបាលធ្វើការជាមួយគ្នា តែសំណាងល្អមិនប៉ះពាល់ដល់អាយុជីវិត ។
ឈានពិសិដ្ឋ មានតួនាទីជានាយរងប៉ុស្តិ៍អន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រើប្រាស់អាវុធខ្លី ម៉ាកហ្វេអាកុល បានបាញ់ទៅលើ លោក សេម មករា នាយផ្នែករដ្ឋបាល ចំស្មារខាងឆ្វេងបណ្តាលឲ្យដាច់រលាត់ នៅក្នុងអង្គភាពធ្វើការតែម្តង ដោយសារតែភាគីទាំង២ បានឈ្លោះប្រកែកគ្នាខ្លះៗ។ នៅព្រឹកមិញឈានពិសិដ្ឋ មិនបានចូលខ្លួនទៅដោះស្រាយ តាមការកោះហៅនោះទេ ពោលមានតែមន្រ្តីនគរបាលជាជនរងគ្រោះ និងអ្នកពាក់ព័ន្ធ៣នាក់ ប៉ុណ្ណោះដែលបានចូលខ្លួនទៅបំភ្លឺ៕
ជនដៃដល់ ឈាន ពិសិដ្ឋ
ជនរងគ្រោះ សេម មករា