(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដើម្បីណែនាំឲ្យកម្លាំងសមត្ថកិច្ចក្នុងខណ្ឌ បន្តយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងដាស់តឿនប្រជាពលរដ្ឋឲ្យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាគ្រោះអគ្គិភ័យ និងបញ្ហាមួយចំនួនទៀត។
កិច្ចប្រជុំមានការចូលរួម ពីសំណាក់លោកអភិបាលរង អធិការរងនគរបាល មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យចំណុះជំនាញជុំវិញខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ ស្មៀនសង្កាត់ទាំង១៣។
លោកអភិបាលខណ្ឌបានធ្វើការណែនាំដល់អង្គប្រជុំ លើខ្លឹមសារសំខាន់ៗមួយចំនួន រួមមាន៖
១៖ ការធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពង្រឹងការបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន និងរៀបចំផែនទីមុខសញ្ញាគ្រឿងញៀន ឲ្យបានច្បាស់លាស់ ព្រមទាំងរាយការណ៍ពីសកម្មភាព និងលទ្ធផលមកលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្នាក់ខណ្ឌ ឲ្យបានជាប់ជាប្រចាំ។
២៖ ការងារអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព។
៣៖ អធិការដ្ឋាននគរបាលខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ សង្កាត់ ប៉ុស្តិ៍ សហការគ្នាពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើង ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខ។
៤៖ ចៅសង្កាត់ទាំងអស់ ត្រូវរៀបចំឲ្យមានជាកម្មវិធីលេងល្បែងប្រជាប្រិយ ការកម្សាន្តសប្បាយនៅតាមវត្តអារាមនានា ក្នុងមូលដ្ឋាន និងបំផុសឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួមឲ្យបានច្រើន។
៥៖ ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹង និងប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យ ដែលអាចកើតមានឡើង ដោយសារការធ្វេសប្រហែស ភ្លើងធូបទៀន ចរន្តអគ្គិសនី និងហ្គាសជាដើម។
លោកអភិបាលខណ្ឌក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្ត ៤០ម៉ឺនរៀល ដល់អធិការដ្ឋាននគរបាលខណ្ឌ ដែលមានស្នាដៃល្អ ក្នុងការបង្ក្រាបបទល្មើស១ករណី និងឧបត្ថម្ភប្រេងដល់អធិការដ្ឋាននគបាលខណ្ឌ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ សម្រាប់ការងារសន្តិសុខ សណ្តាប់ក្នុងមូលដ្ឋាន ក្នុង១អង្គភាព ៣០០លីត្រ៕