(ឧត្តរមានជ័យ)៖ មន្ត្រីនគរបាលម្នាក់ដេកស្លាប់ នៅចន្លោះចាប់ពីម៉ោង ១ដល់ម៉ោង៤ទៀបភ្លឺថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ខណៈពេលជនរងគ្រោះ (លោកព្រិន្ទបាលឯក ឡុង ហូយ ជាមន្ត្រីនគរបាលប៉ុស្ដិ៍ រដ្ឋបាលអន្លង់វែង) បន្ទាប់ពីចុះល្បាតការពារពិធីរាំកំសាន្ត របស់ប្រជាពលរដ្ឋក្នុងភូមិរួចមក បានវិលចូលមកដេក នៅក្នុងប៉ុស្តិ៍យាមគោលដៅផ្សារអន្លង់វែង ហើយបានស្លាប់ក្នុងអង្រឹងតែម្តង គួរអាណោចអាធ័ម។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័្ចយលើសាកសពរងគ្រោះ ឃើញមានស្នាមជាំខ្មៅដុំៗ នៅលើខ្នងហើយសន្និដ្ឋានបឋមថា គឺខ្យល់ គស្លាប់។
តាមការបំភ្លឺរបស់លោកអនុសេនីយ៍ទោ វង់ តាន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វែង បានឲ្យដឹងថា រាល់ថ្ងៃ រាល់យប់ លោកនៅប្រចាំការនៅប៉ុស្តិ៍ការពារ គោលដៅផ្សារអន្លង់វែង នៅវេលាម៉ោង៤ទៀបភ្លឺ មុនកើតហេតុ គឺកូនរបស់លោកបានទូរសព្ទ័មកថា ប្រពន្ធលោកមិនស្រួលខ្លួន លោកក៏ងើបពីដំណេក ទាញយកអាវដែលព្យូនៅនឹងសសរ តែទាញពុំរួចដោយជនរងគ្រោះចងអង្រឹងពីលើ ហើយក៏ដាស់ជនរងគ្រោះ ទើបដឹងថា ជនបានដេកស្លាប់បាត់ទៅហើយ។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យ ថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង សាកសពត្រូវបានអង្គភាព និងក្រុមគ្រួសាររៀបចំធ្វើបុណ្យតាម ប្រពៃណី៕