(ភ្នំពេញ)៖ ដើម្បីរក្សានៅសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរយើងខាងមុខនេះ​លោក​ គង់​ វុទ្ធី​ អនុប្រធានសាខា កាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ​បានដឹកនាំមន្ត្រីកុងត្រូលសហការជាមួយមន្រ្តីមន្ទីរ ពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដីបានចុះត្រូតពិនិត្យទំនិញ​ម្ហូបអាហារនៅផ្សារចាស់ និងបណ្តាហាងស្តាម៉ាត ស្ថិតក្នុងខណ្ឋដូនពេញ​ រាជធានីភ្នំពេញ។

លោក​ គង់​ វុទ្ធី​ អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ​បានថ្លែងថា​ បន្ទាប់ពីមានការណែ​នាំ​ពីលោក ពេញ​ ធារម្យ​ ប្រធានសាខា កាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ​ ទើបនៅព្រឹកថ្ងៃទី​១០​ ខែមេសា​ ឆ្នាំ២០១៧នេះ​ លោកនិងក្រុមការងារបានចុះពិនិត្យទំនិញផ្សេងៗ​ នៅក្នុងផ្សារចាស់​ ដូចជា​៖ បន្លែគ្រប់ប្រភេទ​ ត្រី​ សាច់​ បង្គាស្រល់​ បង្គាក្រៀម​ មឹកស្រល់​ យីហី​ នឹងគ្រឿងកំប៉ុងគ្រប់ប្រភេទផងដែល។

លោកបន្តថា «គោលបំណងក្នុងការចុះពិនិត្យទំនិញនា​ ពេលនេះគឺស្វែងរកសារធាតុគីមី​ ដើម្បីទប់ស្កាត់កុំឲ្យក្រុមអាជីវករ បន្តលក់ជំនិញខូចគុណភាព​ជូនដល់បងប្អូនប្រជាពលរដ្ឋយើង នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរឈានមកដល់ខាងមុខនេះ។ ក្នុងប្រតិបត្តិការចុះពិនិត្យនេះ ដែលមន្ត្រីកាំកុងត្រូល បានធ្វើការណែនាំក្រុមអាជីវករ​ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាម​លក្ខណៈបច្ចេកទេស​ ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលមានផ្ទុក សារធាតុ​ពុល និងម្ហូបអាហារ​ ហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ​ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើម»

​លោកក៏បានបញ្ជាក់ថា ការចុះពិនិត្យនេះ​មិនមានដកហូតទំនិញណានោះទេ​ ដោយសារការពិនិត្យរកមិនឃើញនៅសារធាតុគីមី។

លោកអនុប្រធានកាំកុងត្រូល ក៏បានអំពាវដល់ក្រុមអាជីវករ ទាំងអស់ដែលលក់គ្រឿងបរិភោគស្រល់ៗ និងក្រៀម​ មេត្តាជួយពិនិត្យនៅគុណភាព ឲ្យបានច្បាស់ចាំទិញយកមកលក់បន្ត ជូនបងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់​ ដើម្បីជៀសវាពីបញ្ហាប៉ះពាល់ដល់សុខភាព ដោយសារមានជាតិគីមីនៅក្នុងទំនិញ៕​