(ភ្នំពេញ)៖ ក្នុងបំណងចូលរួមជួយកិច្ចការសង្គម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនខ្មែរប៊ែរវើរីជីស នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បានប្រកាសរៀបចំព្រឹត្តិការណ៍ «Run & Ride សប្បុរសធម៌ដើម្បីកុមារ ២០១៧» ដើម្បីប្រមូលថវិកាយកទៅជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបត្ថម្ភសម្ភារសិក្សា ដល់សាលាដែលមានការខ្វះខាត នៅតាមបណ្ដាខេត្តមួយចំនួន។

ព្រឹត្តិការណ៍ Run & Ride សប្បុរសធម៌ដើម្បីកុមារ ២០១៧នេះ នឹងចាប់ផ្ដើមឡើង ចាប់ពីថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០១៧ ខាងមុខ រួមមាន ការប្រកួតរត់ពាក់កណ្ដាលម៉ារ៉ាតុង និងការប្រណាំងកង់ សរុប៦វិញ្ញាសា។ ដើម្បីចូលរួមប្រកួតបាន បេក្ខជន-បេក្ខនារី ត្រូវទិញសំបុត្រចូលរួមតម្លៃចាប់ពី ៥ដុល្លារឡើងទៅ អាស្រ័យតាមវិញ្ញាសានីមួយៗ តាមរយៈប្រព័ន្ធអនឡាញ និងទៅទិញផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។

លោក លាង ពៅ អគ្គនាយកក្រុមហ៊ុនខ្មែរប៊ែរវើរីជីស បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះថា ក្រុមហ៊ុននឹងទទួលរ៉ាប់រ៉ងរាល់ការចំណាយទាំងអស់ ក្នុងការរៀបចំកម្មវិធីសប្បុរសធម៌នេះ ដូច្នេះថវិកាដែលទទួលបានពីការលក់សំបុត្រទាំងស្រុង នឹងយកទៅជួយសាលាខ្វះខាតទាំងអស់។

លោកថ្លែងយ៉ាងដូច្នេះថា «យើងរំពឹងទុកថា នឹងមានអ្នកចុះឈ្មោះប្រហែល ២,០០០នាក់ ចូលរួមក្នុងកម្មវិធីរយៈពេល២ថ្ងៃ ដែលអាចឲ្យយើងប្រមូលថវិកាបានប្រមាណ ៧០,០០០ដុល្លារ យកទៅជួយសាលា»

លោក ប៊ុន សុខ ប្រធានសហព័ន្ធអត្តពលកម្មខ្មែរស្ម័គ្រចិត្ត បានថ្លែងថា ការប្រកួតរត់ពាក់កណ្ដាលម៉ារ៉ាតុង រួមមាន៖
* ចម្ងាយ២១គីឡូម៉ែត្រ៖ លេខ១ទទួលបានថវិកា ១,០០០ដុល្លារ, លេខ២ទទួលបាន ៥០០ដុល្លារ និងលេខ៣ទទួលបាន ៣០០ដុល្លារ។
* ចម្ងាយ១០គីឡូម៉ែត្រ៖ លេខ១ទទួលបានថវិកា ៥០០ដុល្លារ, លេខ២ទទួលបាន ៣០០ដុល្លារ និងលេខ៣ទទួលបាន ១០០ដុល្លារ។
* និងចម្ងាយ៣គីឡូម៉ែត្រ។

ចំណែកការប្រណាំងកង់មានចម្ងាយ ១០០គីឡូម៉ែត្រ ដោយលេខ១ទទួលបានថវិកា ១,៥០០ដុល្លារ, លេខ២ទទួលបាន ១,០០០ដុល្លារ, លេខ៣ទទួលបាន ៥០០ដុល្លារ, លេខ៤ទទួលបាន ៣០០ដុល្លារ ​និងលេខ៥ទទួលបានថវិកា ២០០ដុល្លារ។ ចំណុចចាប់ផ្ដើមនៃការប្រកួតទាំងអស់ ចាប់នៅមុខសាលមហោស្រពកោះពេជ្រ រហូតដល់គ្រប់ចម្ងាយនីមួយៗ និងចេញដំណើរចាប់ពីម៉ោង៦ព្រឹកតទៅ។

លោក ប៊ូ ជុំសិរី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងយ៉ាងដូច្នេះថា «ព្រឹត្តិការណ៍នេះ ក៏ជាការចូលរួមជំរុញដល់អត្តពលិកកម្ពុជា ឲ្យមានស្មារតី និងចូលរួមស្រឡាញ់កីឡាកាន់តែបានផុសផុល ដើម្បីត្រៀមខ្លួនចូលប្រកួតក្នុងកីឡា SEA Game នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅពេលនោះ»។

លោក លាង ពៅ បានបន្តថា ក្រុមហ៊ុនពិតជាមានមោទនភាពណាស់ ដែលជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយអាចរួមចំណែកលើកស្ទួយវិស័យអប់រំ សម្រាប់កូនខ្មែរ ដែលវិស័យនេះគឺជាស្នូលមួយរបស់ប្រទេសកម្ពុជា។

សូមជម្រាបថា កន្លងមក ក្រុមហ៊ុនខ្មែរប៊ែរវើរីជីស ក៏បានជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលា ចំនួន៣ នៅរាជធានីភ្នំពេញ រួមមាន៖ វិទ្យាល័យ ជា ស៊ីម សាមគ្គី, វិទ្យាល័យទួលអំពិល និងសាលាបឋមសក្សា-អនុវិទ្យាល័យដង្កោ ផងដែរ៕