(ភ្នំពេញ)៖ លោក សែម សុខបញ្ញា ប្រធានសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះ សមាគមជំងឺហេម៉ូហ្វីលាកម្ពុជា កំពុងខ្វះខាតថវិកា និងធនធានពេទ្យ ដើម្បីចូលរួមព្យាបាល និងទប់ស្កាត់ការរីករាលដាលនៃអ្នកជំងឺហេម៉ូហ្វីលា ឬជំងឺឈាមក្រកក (ឈាមរាវ) នៅកម្ពុជា។ លោកថ្លែងថា អ្នកជំងឺឈាមកម្រកក ម្នាក់ត្រូវចំណាយថវិកាព្យាបាលក្នុង១សប្តាហ៍ ៥០០ដុល្លារសហរដ្ឋអាមេរិក។ តម្លៃនេះគឺពិតជាច្រើនណាស់សម្រាប់ប្រជាពលរដ្ឋក្រីក្រ ដែលគ្មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការព្យាបាល។

ប្រធានសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា បានប្រាប់ថា តាមការប៉ាន់ប្រមាណគឺមាន១៥០០នាក់ នៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែអ្នកជំងឺមានចំនួនប្រមាណត្រឹមតែ១៣៧នាក់ ដែលទទួលបានការព្យាបាល ហើយកន្លែងដែលអាចព្យាបាលជំងឺនេះ មាននៅមន្ទីរពេទ្យកុមារជាតិ នៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ជាមួយវេជ្ជបណ្ឌិតតែ២រូបប៉ុណ្ណោះ។

ការលើកឡើងរបស់លោក សែម សុខបញ្ញា បានធ្វើឡើងនៅក្នុងទិវាជំងឺហេម៉ូហ្វីលាពិភពលោកឆ្នាំ២០១៧ ក្រោមប្រធានបទ «សហការគ្នាដើម្បីការផ្លាស់ប្តូរក្នុងការធ្វើសកម្មភាពសម្រាប់អ្នកជំងឺហេម៉ូហ្វីលា» នៅថ្ងៃទី០៩ ខែមេសា ឆ្នៃ២០១៧ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

នៅក្នុងទិវានោះ មានការអញ្ជើញចូលរួមពីលោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច កញ្ញា Sara Motka តំណាងមូលនិធិហេម៉ូហ្វីលា ណូវ៉ូន័រឌីស ប្រទេសស្វីស មន្រ្តីរាជការ អង្គការ អ្នកស័គ្មចិត្ត អ្នកជំងឺ និងគ្រួសារអ្នកជំងឺប្រមាណ១០០នាក់។

លោក សែម សុខបញ្ញា បានបន្ថែមថា កន្លងមក សមាគមបានចុះសួរសុខទុក្ខអ្នកជំងឺតាមន្ទីរពេទ្យកុមារ តាមគេហដ្ឋាន និងតាមទូរស័ព្ទ ក្រៅពីនោះសមាគមក៏បានស្នើសុំមជ្ឈមណ្ឌលជាតិផ្តល់ឈាមនូវប្លាស្មា និងឈាមមួយចំនួនជូនអ្នកជំងឺ អាចជួយឲ្យអ្នកជំងឺទទួលបានការព្យាបាលទាន់ពេលវេលា។ សមាគមក៏បានរៀបចំសិក្ខាសាលា និងបានបញ្ចូលមន្រ្តីក្រសួងសុខាភិបាលជាច្រើនរូប ទៅចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលអំពីបច្ចេកទេស​នៃការព្យាបាលផងដែរ។

បើយោងតាមរបាយការណ៍របស់សហព័ន្ធជំងឺហេម៉ូហ្វីលាពិភពលោក ក្នុងចំណោមមនុស្ស១ម៉ឺននាក់ មានតែម្នាក់ប៉ុណ្ណោះ ដែលកើតមានជំងឺនេះ ដែលមូលហេតុ គឺមកពីតំណរពូជ៧០ភាគរយ និងកើតឡើងដោយឯកឯង៣០ភាគរយ។ ណៅក្នុងប្រទេសកម្ពុជា តាមការប៉ាន់ប្រមាណគឺមាន២ពាន់នាក់ ប៉ុន្តែអ្នកជំងឺមានត្រឹម១០០នាក់ ដែលទទួលបានការវិនិច្ឆ័យ ដោយសារកន្លងខ្លះអាចព្យាបាលជំងឺនេះនៅមន្ទីរពេទ្យកុមារជាតិ នៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យកយមារអង្គរនៅខេត្តសៀមរាប។

សមាគមសង្កេតឃើញថា អ្នកជំងឺទាំងអស់ ដែលភាគច្រើនសុទ្ធតែជាកុមារា ស្ថិតនៅគ្រួសារក្រីក្រតាមជនបទ ហើយអ្នកជំងឺចំណួន៥០ភាគរយ ធ្លាក់ខ្លួនពិការសារពាង្គកាយ។ ជំងឺនេះ ធ្វើឲ្យអ្នកជំងឺហើម ជាំ ទៅលើសារពាង្គការយ បង្កឲ្យមានការហូរឈាមទៅតាមសន្លាក់ ហើយឈឺចាប់ខ្លាំងបំផុត ដែលប៉ះពាល់ទង្គិចទៅលើសរីរាង្គ និងអាចក្លាយ ជាពិការភាព និងបាត់បង់ជីវិតយ៉ាងឆាប់រហ័ស។

ជាមួយគ្នានោះដែរ លោក សែម សុខបញ្ញា បានស្នើឲ្យអង្គការក្នុង និងក្រៅរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ជួយសហការធ្វើយ៉ាងណា ឲ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ និងព្យាបាលអ្នកជំងឺហេម៉ូហ្វីលា ឬជំងឺឈាមក្រកក (ឈាមរាវ)ឲ្យបានទូលំទូលាយជាងមុន៕